ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍លើផេកហ្វេសប៊ុករបស់តារាចម្រៀងប្រុស ៣ដួង ដែលល្បី មានភាពលេចធ្លោជាងគេក្នុងប្រទេសកម្ពុជា ហើយក៏ជាតារាចម្រៀងដែលរក្សាកេរ្តិ៍ឈ្មោះល្អជាងគេ គឺកំពូលតារាចម្រៀងល្បីជិត២ទសវត្ស ព្រាប សវុត្ថិ, តារាចម្រៀងអម្បូរអ្នកនិពន្ធ ខេមរៈ សិរីមន្ត និង តារាចម្រៀងតួឯករឿងសិសិររដូវក្នុងបេះដូង ឆន សុវណ្ណារាជ ។ ពេលនេះតារាញូស៍សូមចូលខ្លួន នាំអារម្មណ៍លោកអ្នកទៅតាមដានហេតុការណ៍អ្វីខ្លះលើបណ្តាញសង្គមរបស់តារាប្រុសទាំង៣ដួងនោះ៖

កំពូលតារាចម្រៀងដែលមានកូនធំៗទន្ទឹមខ្លួន ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ដែលមានអត្តចរិកល្អ គួរឲ្យគោរព ។ ផេកហ្វេសប៊ុករបស់លោកមានអ្នកចូលចិត្តគាំទ្រជាង ៥៧ម៉ឺននាក់ ។ នៅក្នុងផេកហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ ពុំសូវឃើញមានបង្ហោះរឿងអ្វីច្រើននោះទេ គឺទាល់តែរឿងសំខាន់ៗ ហើយរឿងដែលលោកបង្ហោះភាគច្រើនពាក់ព័ន្ធជីវិតឯកជនរបស់លោក និងប្រពន្ធ កូន ។

រីឯតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងដែលទើបហក់ចូលផលិតកម្មហង្សមាសថ្មី លោក ខេមរៈ សិរីមន្ត ផេកហ្វេសប៊ុករបស់លោកមានអ្នកចូលចិត្ត ៣៣ម៉ឺននាក់ ហើយរឿងដែលតារាចម្រៀងរូបនេះ បង្ហោះ គឺភាគច្រើនសមកម្មភាពការងាររបស់លោក និងការផ្សព្វផ្សាយផលិតផលតែប៉ុណ្ណោះ ដោយឡែករឿងពាក់ព័ន្ធជីវិតឯកជនមិនដែលឃើញលោកបង្ហោះឡើយ ទោះបីមជ្ឈដ្ឋានមួយចំនួនដឹងថាលោកមានប្រពន្ធ និងកូនពីរនាក់ក្តី ។

ចំណែកតារាចម្រៀងដែលមានសន្ទុះខ្លាំងនិងទទួលបានតំណែងធំៗជាច្រើនក្នុងផលិតកម្មហង្សមាស លោក ឆន សុវណ្ណារាជ ផេកហ្វេសប៊ុករបស់លោកមានអ្នកចូលចិត្ត ៥១ម៉ឺននាក់ ជិតប្រហាក់ប្រហែលផេករបស់តារាចម្រៀង ព្រាប សុវត្ថិ ដែរ ។ ក្នុងផេកហ្វេសប៊ុករបស់លោកក៏មិនខុសពីតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ប៉ុន្មានដែរ គឺភាគច្រើនបង្ហោះរឿងជីវភាពគ្រួសារ និងផ្សព្វផ្សាយផលិតផលជាដើម។ ប៉ុន្តែមួយរយៈខ្លីនេះ តារាចម្រៀងសម្បូររោមទ្រូងរូបនេះ បានបង្ហោះសារខូចចិត្តជាញឹកញាប់ក្នុងផេកហ្វេសប៊ុករបស់លោក ប៉ុន្តែលោកមិនបានបញ្ជាក់ថា ខូចចិត្តជាមួយនារីណាម្នាក់ឡើយ ៕