ម៉ោង៤ល្ងាចនេះ ចាន់ សម័យ បានកាដូធំពីសម្តេចកិត្តិ នៅបុរី ឡេង ណាវ៉ាត្រា

0
2826

ភ្នំពេញ ៖ ក្រោយបាត់ខ្លួនពួនអាត្មាពីសិល្បៈប្រមាណជាង១០ឆ្នាំ មានមហាជនមិនតិច​ឡើយ​តែង​គិត​ដល់​តារាចម្រៀង​ប្រុស​សម្លេង​ថ្នម ចាន់ សម័យ ថាលោក​ប្រហែល​ទៅ​សម្ងំ​សោយសុខ​ជាមួយទ្រព្យ​សម្បត្តិ​ដ៏ច្រើនមហាសាល​នៅឯ​នាយសមុទ្រ​ ក្រោម​កេរ្តិ៍​ឈ្មោះ​ដ៏ល្បាញល្បីសឹងគ្មានគូប្រៀបកាលពីឆ្នាំ២០០០ ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យអ្នកគាំទ្រ​សឹង​ស្រក់​ទឹកភ្នែក​នោះ​ តារារូបនេះ​បែរ​ជារស់នៅ​ក្នុងភាព​លំបាក ជាមួយជំងឺរបេងឆ្អឹងជើង ចិញ្ចឹមជីវិត​ដោយ​ការស្ទូចត្រី និងចិញ្ចឹមកូន៥នាក់ក្នុងបន្ទុកថែមទៀតផង។

យ៉ាងណាក្តីក្រោយពីជីវិត​ដ៏មហាកំសត់​នេះត្រូវបានលាតត្រដាង​ សមាគមសិល្បករ​ខ្មែរ​ក៏បាន​ទៅដល់​ផ្ទាល់​ដើម្បីសួរសុខទុក្ខ និង​នាំថវិកា​ ដើម្បីឧបត្ថម្ភដល់ម្ចាស់បទ «សុំមេ​មាន់​​មួយ» រូបនេះ រំពេចនោះ​ក៏មាន​នូវការឧបត្ថម្ភជាបន្តបន្ទាប់​ពីបងប្អូនសិល្បករ ឯ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានស្ម័គ្រជួយដីសម្រាប់សង់ផ្ទះ ខណៈ​ដែល​អ្នកសិល្បៈ ព្រមទាំងសប្បុរសជន​កំពុងខ្នះខ្នែងឧបត្ថម្ភ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​កំពូល​ក៏បានប្រកាស​ផ្តល់​ថវិកា​១ម៉ឺនដុល្លារ ដោយក្តីសណ្តោសចំពោះអ្នកសិល្បៈ​រូបនេះផងដែរ។

 ក្រោយ​ការសង្រ្គោះពីសំណាក់​អ្នកចិត្តបុណ្យ​ បានធ្វើឲ្យជីវិត ចាន់ សម័យ បានប្រែ​មានពន្លឺ​រស្មី ពិសេស​ពេលនេះ​លោកបានសម្រេច​ក្តីស្រមៃ​ចង់បានផ្ទះ​រស់នៅសមរម្យ ដោយ​នៅ​ល្ងាច​ម៉ោង៤រសៀលនេះ ផ្ទះ​ដ៏ប្រណីត​ជាកាដូពី​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ នៅក្នុង​បុរី ឡេង ណាវ៉ាត្រា ត្រូវបានសាងសង់រួចជាស្ថាពរ និងប្រគល់​ដល់​ដៃ​ ម្ចាស់បទ «​មិនស្រលាញ់​អូនមិន​បាន» ហើយ។

Comments