ភ្នំពេញ៖ ថ្មីៗនេះ ម្ចាស់ហាងកាត់សំលៀកបំពាក់មួយនៅរាជធានីភ្នំពេញ បានបង្ហោះសារដោយថ្លែងពីការសប្បាយរីករាយ និងមានមោទនភាពបំផុត នៅដែលស្រ្ដីទី១ របស់ហ្វីលីពីន អ្នកស្រី ហាន់នីឡេត អាវ៉ាន់សេណា (Honeylet Avancena) ភរិយាលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌួទ័រតេ (Rodrigo Duterte) បានស្លៀកសម្លៀកបំពាក់ច្នៃចេញពីហូលដែលទិញពីកម្ពុជា ទៅចូលរួមទទួលស្វាគមន៍ប្រមុខដឹកនាំអាស៊ាន និងពិភពលោក ក្នុងកិច្ចប្រជុំអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

ចំពោះហូលដែលអ្នកស្រី អាវ៉ាន់សេណា បានទិញសាច់ក្រណាត់ពីកម្ពុជានោះ ត្រូវបានអ្នកស្រីយកទៅឲ្យជាងដ៏ចំណាន នៅប្រទេសហ្វីលីពីនធ្វើការច្នៃម៉ូដយ៉ាងសម្រិតសម្រាំង ដែលរំលេចឡើងនូវរូបរាងដ៏សមសួន របស់អ្នកស្រីក្នុងកិច្ចប្រជុំកំពូលមួយនេះ ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានទាំង១០ និងថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួនទៀត៕