ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាសម្តែងទឹកភ្នែក នី មុនីនាថ បានស្នើសុំសមាគមសិល្បករខ្មែរឲ្យជួយរកមេធាវីការពារក្តីក្នុងសំណុំរឿងរដ្ឋវប្បវេណី ដែលប្តឹងដោយអតីតគូដណ្តឹងនាង គឺលោក អ៊ឹង សូឡាង ពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ។ រំពេចនោះ ប្រធានសមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា បានខិតខំខ្នះខ្នែងរកមេធាវីដោយទាក់ទងទៅក្រុមមេធាវី អាប៊ី ហើយភ្លាមៗនោះក៏ទទួលបានមេធាវីពូកែម្នាក់ គឺលោកមេធាវី រ៉ូ ប៊ីនណៃ ដែលលោកយល់ព្រមទទួលសិទ្ធិអំណាចពេញលេញស្របតាមច្បាប់ក្នុងការធ្វើជាអ្នកតំណាងអាណត្តិការពារក្តីឲ្យ កញ្ញា នី មុនីនាថ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះតទៅ ។

ខណៈពេលនេះ តារាសម្តែងតួកម្សត់ នី មុនីនាថ ត្រូវបានតុលារការនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី ២២ វិឆ្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២ និង៣០នាទី តាមដីការកោះអញ្ជើញរបស់ចៅក្រម ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ ។ សូមបញ្ជាក់ថា លោក អ៊ឹង សូឡាង អតីតគូដណ្ដឹង នី មុនីនាថ បានប្តឹងទាមទារឲ្យសងប្រាក់ចំនួន ៧ម៉ឺនដុល្លារ និងបង់ជំងឺចិត្ត ចំនួន ៥ម៉ឺនដុល្លារ ពីតារាសម្ដែង នី មុនីនាថ ដោយចោទថា នាងបានបោកប្រាសរូបលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕