ភ្នំពេញ៖ បន្ទាប់ពីទទួលបានពន្លឺយុត្តិធម៌នៅក្នុងក្រដាស ជនរងគ្រោះតារាចម្រៀង សុខ ចិន្តា ហៅ វ៉ាន់ នីឡា និងក្រុមគ្រួសារកំពុងទន្ទឹងរង់ចាំមើលការអនុវត្តសាលក្រមកាត់ទោសកំបាំងមុខ លោក គុយ សិទ្ធិសក្តិ ពាក់ព័ន្ធទៅនឹងបទល្មើស «ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស» ដែលត្រូវបានជំនុំជំរះក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ដោយតារាចម្រៀង វ៉ាន់ នីឡា ជាអ្នកឈ្នះក្តី រីឯអតីតសង្សារត្រូវជាប់ទោស ១ឆ្នាំ និងសងជាប្រាក់ ២០០លានរៀល ។ នៅប៉ុន្មានម៉ោងមុននេះ អ្នកនិពន្ធដ៏ល្បី លោក សុខ ជំនោរ ដែលជាបងប្រុសបង្កើតជនរងគ្រោះ វ៉ាន់ នីឡា បានបង្ហោះសារអស់ជំនឿចិត្តលើតុលាការរាជធានីភ្នំពេញ​ ដោយសរសេរថា “សំណុំរឿងប្អូនស្រី វ៉ាន់ នីឡា នៅមិនទាន់ចាប់អនុវត្តសាលក្រមសាលាដំបូងនៅឡើយទេ រាល់ពេលខ្ញុំសួរ គឺគេថាខ្ញុំមិនយល់នីតិវិធី” ។

ក្នុងសារ​លោកចង់សំដៅថា សាលក្រមបានទុករយៈពេល ១៥ថ្ងៃឲ្យជនជាប់ចោទប្តឹងទាស់ និង ១ខែសម្រាប់ប្តឹងឧទរណ៍ គិតចាប់ពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៧ តទៅ។ ប៉ុន្តែសិទ្ធិនេះ ជនជាប់ចោទមិនបានប្តឹងទាស់ ឬ ប្តឹងទៅសាលាឧទរណ៍ទេ អញ្ចឹងហើយបានជាលោក សុខ ជំនោរ ហាក់ឆ្ងល់នឹងនិតិវិធីរបស់សាលាដំបូង ពេលណាចាប់ផ្តើមអនុវត្តច្បាប់ ។ ទន្ទឹមនេះ តារាចម្រៀង វ៉ាន់ នីឡា ជាជនរងគ្រោះក៏បានបង្ហោះសារសម្តែងការហួសចិត្ត និងចំអកដាក់ប្រព័ន្ធតុលាការលើគណនីហ្វេសប៊ុកថា “ម្សិលមិញឃើញជនជាប់ចោទ ដើរកាត់សំណាក់លោកម្ចាស់ប៉ាវ ចូលក្នុងហាងប៊ឺហ្គឺធ្វើមិនដឹង សំណាក់ថៃហ្វុងឥឡូវអស់គុកដាក់អ្នកទោសហើយ” ។

នាងបន្តថា “ណ្ហើយ! ធ្វើម៉េចបើគេកូនអាមាត្យ ប្រជារាស្រ្តនៅតែទន្ទេញពាក្យថា អយុត្តិធម៌ណាស់” ។ គួរបញ្ជាក់ថា កាលពីចុងខែតុលា កន្លងទៅថ្មីៗនេះ តារាចម្រៀងសាច់សខ្ចី វ៉ាន់ នីឡា ធ្លាប់បានទទូចសុំឲ្យតុលាការចាត់វិធានការចាប់ជនល្មើសដាក់ទោស ដើម្បីឲ្យនាងមានភាពកក់ក្តី ខណៈពេលជនល្មើសបាត់បង់សិទ្ធិប្តឹងទាស់ និងប្តឹងទៅឧទរណ៍ ។ ប៉ុន្តែមកទល់ពេលនេះ ជនល្មើសនៅមានសេរីភាពនៅឡើយ ។ ជុំវិញរឿងនេះ យើងមិនអាចសុំការបំភ្លឺពីតុលាការរាជធានីភ្នំពេញបានឡើយ នាព្រឹកនេះ ៕