ភ្នំពេញ៖ ខណៈពេលមជ្ឈដ្ឋានទូទៅកំពុងមានការចាប់អារម្មណ៍ខ្លាំងលើកូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ។ នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កូនប្រុសទី២ កំពូលតារាចម្រៀង ព្រាប សុវត្ថិ, សុវត្ថិ មុន្នីនាគ បានបង្ហោះវីដេអូខ្លី ដែលបង្ហាញពីសកម្មភាពអង្គុយឲ្យស្រ្តីម្នាក់ធ្វើម៉ូដសក់ មុនឡើងរាំបើកឆាកក្នុងកម្មវិធីប្រឡងបវរកញ្ញាពិភពលោក វគ្គតំណាងជាតិ នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ស្រ្តីដែលឈរធ្វើម៉ូដសក់ឲ្យលោក សុវត្ថិ មុន្នីនាគ នោះ គឺអ្នកស្រី ឡុង ស្រីមុំ ជាម្តាយបង្កើតរបស់លោក ដែលក្នុងវីដេអូនោះ អ្នកស្រីកំពុងយកចិត្តទុកដាក់ខ្លាំង និងប្រញាប់ប្រញាល់ថ្នៃម៉ូដសក់ ដោយពេញចិត្តពេញថ្លើមក្រៃលែង ។

ជុំវិញរឿងនេះ អ្នកជិតស្និទ្ធនឹងគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានលួចបង្ហើបប្រាប់ថា “កន្លងមកអ្នកស្រី ឡុង ស្រីមុំ ប្រពន្ធលោក ព្រាប សុវត្ថិ តែងតែដើរតាមប្តី និងកូនជាញឹកញាប់ក្នុងកម្មពិធីផ្សេងៗ ជាពិសេសកម្មពិធីប្រគុំតន្ត្រីនៅរាជធានីភ្នំពេញតែម្តង” ។ គួរបញ្ជាក់ថា អ្នកស្រី ឡុង ស្រីមុំ បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀង លោក ព្រាប សុវត្ថិ កាលពីឆ្នាំ១៩៩៧ ។ ពាក់ព័ន្ធចំណងស្នេហានេះ អ្នកស្រី ឡុង ស្រីមុំ បានតំណាងថា “កាលនោះ ខ្ញុំធ្វើការនៅស្ថានីយទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ហើយប្តីខ្ញុំ (ព្រាប សុវត្ថិ) ឧស្សាហ៍ទៅច្រៀងនៅប៉ុស្តិ៍នោះ ។ ដំបូងឡើយ យើងទំនាក់ក្នុងការងារទេ ព្រោះខ្ញុំជាបុគ្គលិករៀបចំកម្មវិធីចម្រៀងម្នាក់ដែរ ប៉ុន្តែក្រោយមកក៏មានទំនាក់ទំនងជិតសិ្នទ្ធរហូតរៀបការតែម្តងទៅ” ។

បច្ចុប្បន្នអ្នកស្រី ឡុង ស្រីមុំ មានកូនប្រុស ៣នាក់ ដែលកូនប្រុសច្បងឈ្មោះ សុវត្ថិ មុន្នីវណ្ណ ឆ្នាំកំណើត ១៩៩៩, កូនប្រុសទី២ឈ្មោះ សុវត្ថិ មុន្នីនាគ ឆ្នាំកំណើត ២០០០ និងកូនប្រុសពៅឈ្មោះ សុវត្ថិ សិរីវុធ ឆ្នាំកំណើត ២០០២ ៕

សូមទស្សនាវីដេអូ!!