កំពុងតែក្ដៅហើយតាមមើល! ពេជ្រ សោភា ទប់លែងជាប់ទម្លាយសារផ្ញើទៅអ្នកឈ្នានីស

រាជធានីភ្នំពេញ ៖ អ្នកចម្រៀងស្រីជើងចាស់ដែលគេស្គាល់ថាកំពុងជ្រកក្នុងផលិតកម្មហង្សមាសអស់ច្រើនឆ្នាំមកហើយនោះគឺអ្នកនាង ពេជ្រ សោភា ដែលកំពុងរក្សាកេរ្តិ៍ឈ្មោះរហូតដល់សព្វថ្ងៃក្នុងវ័យជ្រេបន្ដិចក្ដី តែមុននេះនាងបានបង្ហាញអារម្មណ៍លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងដោយសម្ដីយ៉ាងស្រួចស្រាវផ្អើលអស់អ្នកគាំទ្រគ្រប់វ័យចូលតាមដានដូចរឿងភាគក្នុងខមិន។

ក្នុងកាយវិការហាក់កាចបន្ដិចគ្រងសម្លៀកបំពាក់ពណ៌ខ្មៅបែបស៊ីវិល័យ ឯទឹកមុខវិញក៏ម៉ឹងម៉ាត់ទាំងកែវភ្នែកមុតស្រួចសម្លឹងទៅយ៉ាងឆ្ងាយ គូស្នេហ៍អ្នកកម្លោះ ឆឹម សក្កដា ក៏បញ្ចេញសម្ដីបែបព្រមាន ហាក់ដូចជាកំពុងប្រាប់ទៅកាន់នរណាម្នាក់ដោយបញ្ជាក់ក្នុងសំណេរថា «ខ្ញុំមិនកាចទេ តែកុំប៉ះហើយបើស្អប់ខ្ញុំ កុំតាមមើលខ្ញុំគឺចប់»។

ពីសារដដែល សំណេរខ្លីតែអត្ថន័យហាក់ចាក់ដោតដូច្នេះបានធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមយក្សហ្វេសប៊ុក ដាក់ការសន្និដ្ឋានទាញច្បាស់ថាម្ចាស់បទ «អូនយំបងលួងគេ» អាចនឹងកំពុងមានការអន់ចិត្តជាមួយនរណាម្នាក់ ឬកំពុងមានអ្នកតាមច្រណែនឈ្នានីសខ្លាំងហើយមើលទៅ។ ទន្ទឹមនោះក៏លេចឡើងនូវមតិផ្សេងៗជាហូរហែចំពោះការបង្ហោះនេះប៉ុន្តែសាម៉ីខ្លួន ពេជ្រ សោភា មិនបានចេញមុខឆ្លើយតបយ៉ាងណានោះឡើយម្យ៉ាងការបង្ហោះនេះទំនងជាការបន្ធូរអារម្មណ៍កំសាន្ដលើហ្វេសប៊ុកតែប៉ុណ្ណោះ៕