រាជធានីភ្នំពេញ ៖ នៅ​ប៉ុន្មានម៉ោង​មុននេះ​តារាចម្រៀង​ប្រុស​ល្បីឈ្មោះ វណ្ណា ស័ក្ដិ បាន​បង្ហាញ​នូវ​សំណេរ​យ៉ាងវែងអន្លាយ​លើ​គណនីហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់លោកដាក់ឈ្មោះជាភាសាខ្មែរថា «វណ្ណា ស័ក្ដិ» ដោយ​ហួសចិត្ត​នឹង​អគ្គិសនីប្រើប្រាស់​ខែថ្មីនេះមានការកើ​នឡើងហួសហេតុ​បើទោះបីជាការប្រើប្រាស់​មានការ​ថយចុះ​ក្ដី។

ក្នុងជំនួប​បញ្ជាក់​ផ្ទាល់ជាមួយ សារព័ត៌មាន​តារាញូស៍ តាមទូរស័ព្ទ លោក វណ្ណា ស័ក្ដិ ប្រាប់​ថាលោកពិតជា​ជួបរឿង​ដ៏​អាក្រក់​នេះមែន ពិសេស​លោកហួសចិត្តខ្លាំង​ដែលសព្វដង​លោកធ្លាប់​តែឃើញ​មិត្តភក្ដិ ឬអ្នកផ្សេង​បង្ហោះលើ​ហ្វេសប៊ុក​​បែបនេះ​​ប៉ុន្តែ​ពេលជួប​ផ្ទាល់ខ្លួន​ឯងភ្ញាក់មួយទំហឹង​តែម្ដង​។ និយាយ​រួម​ឥឡូវកំពុងបាត់ចំណូល​ដោយសារ​ការងារសិល្បៈធ្លាក់ចុះដោយសារ​ជំងឺកូវីដ១៩ ងាក​ទៅចរាចរណ៍ក៏កំពុងបន្តឹង​ធ្វើឲ្យ​មាន​ការ​លំបាក​ខ្លាំង​តែម្ដង។

កូនប្រុស​បង្កើត​វីរៈ​សិល្បការិនី​ល្បីឈ្មោះលោកយាយ ណយ សំណាង ក៏​បន្ដ​សង្កត់ធ្ងន់ និងសំណូម​ពរ​តាមរយៈ​ សារព័ត៌មានតារាញូស៍ ថា​ សូម​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​អគ្គិសនីកម្ពុជា (EDC) ជួយត្រួតពិនិត្យ​ឡើង​វិញ​ផង​ចំពោះ​ករណី​កើន​ឡើង​ថ្លៃភ្លើង​នេះក្រែង​លោ​មានកំហុស​ឆ្គង​ណាមួយ​កើតឡើង ហើយ​ការលើ​កឡើង​នេះ​គឺសម្រាប់​រូបលោក​ផ្ទាល់ និង​អ្នក​​ដែល​ជួប​បញ្ហា​ផ្សេងៗទៀត​ផងដែរ។

អ្នកចម្រៀង​ដែល​វិវត្តន៍ខ្លួន​ចេញពីអ្នក​រាំ និងផ្ទុះល្បីនៅផលិតកម្ម M ​បាន​បន្ដ​ទៀត​ថាលោកកំពុង​ជួប​ប​ញ្ហា​សេដ្ឋ​កិច្ច​ប៉ុណ្ណឹង​ផង​ជួប​លំបាក​​ទៅហើយ ចុះទម្រាំ​បងប្អូន​ដែលគាត់​មានជីវភាព​ខ្សត់​ខ្សោយ​តើពួកគាត់ត្រូវ​ដោះស្រាយ​យ៉ាងដូ​ចម្ដេចទៅដូច្នេះ​សូមថ្នាក់​ដឹកនាំ​អគ្គិសនីកម្ពុជា​ជួយ​សម្រួលដល់​ប្រជាជន​អស់ផង៕