រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ តារាចម្រៀង​ល្បី២រូប​របស់កម្ពុជា​ជួបទុក្ខដូចគ្នាគឺ​តារាចម្រៀងកំពូលប្រ​ចាំ​ផលិតកម្មហង្សមាសលោក ព្រាប សុវត្ថិ និង​តារាចម្រៀង​ប្រចាំ​ផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ ត្រូវបាត់បង់​ជីដូន​ជាទីស្រឡាញ់​ដែល​មានវ័យជាង១០០ឆ្នាំទៅហើយ។ បើទោះបី​លើ​គណនីហ្វេសប៊ុក​ផ្លូវការ​របស់​លោក ព្រាប សុវត្ថិ​ មិនមាន​ការបញ្ជាក់​ប៉ុន្តែ​លើ​ទំព័រហ្វេសប៊ុក​របស់​កូនប្រុស​ច្បងរបស់លោកគឺ សុវត្ថិ មុន្នីវណ្ណ បាន​បង្ហោះ​រូបគោរព​វិញ្ញាណក្ខន្ធជីដូន​ដោយក្ដីរន្ធត់បំផុត​។

ជាមួយគ្នានេះ​លោក ឆាយ វីរៈយុទ្ធ ដែលកំពុង​ជោគជ័យ​លើ​វិថីសិល្បៈ និង​គ្រួសារ​ផង​ក៏បាន​បង្ហាញ​ឲ្យដឹងពីមរណទុក្ខនេះថា លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ ( ១០៥ឆ្នាំ ) ថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ៤២នាទី រសៀល សពឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំនៅស្រុ​កកំណើត ភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អស្រ័យហេតុនេះ​ដូចរៀបរាប់ខាងលើ សូមជំរាបជូនបងប្អូនជិតឆ្ងាយនិងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ»។

ក្រោយពីឃើញ​វត្តមាន​ក្រុមគ្រួសារ​តារាចម្រៀង​ទាំង២រូប​ជួបទុក្ខរួមគ្នាបែបនេះ ពិសេស​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក ឆាយ វីរៈ​យុទ្ធ បង្ហោះ​រួម​លោក ព្រាប សុវត្ថិ​ ក្នុងពិធីបុណ្យ​ទៀត​ផងនោះ មហាជន​ក៏មាន​ចម្ងល់​ថាអ្នកទាំង​ពីរត្រូវជាអ្វី​នឹង​គ្នា?។ ទន្ទឹម​នឹងចម្ងល់​តាមរយៈ​ការខមិនជាហូរហែ​ផងនោះ ម្ចាស់គណនី​ឈ្មោះ Bong Da ទំនងជាសាច់ញាតិ និងស្គាល់​គ្រួសារ​តារាចម្រៀង​ខាងលើ​បានបញ្ជាក់ថា «ប្រពន្ធបងសុវត្ថិ ត្រូវជាបងប្អូនជីដូនមួយបង្កើតជាមួយបង យុទ្ធ»។

ក្នុងនោះបើយើងក្រឡេក​ទៅមើល​កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក ឆាយ វីរៈយុទ្ធ ក៏ធ្លាប់​បានបង្ហើប​ពីទំនាក់​ទំនង​នឹងលោក ព្រាប សុវត្ថិ​ ម្ដងរួចទៅហើយ​ដោយលោកបានបង្ហោះរូបភាព​រួមគ្នា​ភ្ជាប់សារឲ្យដឹងថា «ថតជាមួយបងស្រី និង បងថ្លៃក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រី បងស្រី ចន ច័ន្ទលក្ខិណា»៕