ហ្វីលីពីន៖ ដំណាលនឹងកិច្ចប្រជុំអាស៊ានលើកទី៣១ និងប្រជុំបណ្តាប្រទេសនានាលើសកលលោក នៅប្រទេសហ្វីលីពីន ក៏មានជំនួបពិភាក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ជាមួយកំពូលថ្នាក់ដឹកនាំអាស៊ាន និងប្រទេសមហាអំណាមួយចំនួន រួមមាន សហរដ្ឋអាមេរិក និង សហភាពសូវៀត ជាដើម ។ ក្នុងជំនួបសំណេះសំណាងនាល្ងាចថ្ងៃទី១២ វិច្ឆិកា តបតាមរយៈសំណើរបស់សម្តេចតេជោ ហ៊ុន សែន, ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពនយោបាយ។

ជាងនេះទៅទៀត ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ ប្រទេសរុស្សីក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ ។ ក្នុងជំនួបនាល្ងាចនោះ នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងផ្តោតសំខាន់ថា “កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុង ចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានូវស្ថេរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យបរទេសចូលមកជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនោះ” ៕