ខេត្តមណ្ឌលគិរី ៖ យោងតាម​ទំព័រហ្វេសប៊ុក​ឈ្មោះ «ការពិត GCNP» បានបង្ហាញនូវ​សេចក្ដី​បំភ្លឺ​​របស់​ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​ការ​មិនទទួលទូទាត់​ប្រាក់​ដុល្លារ​ 1$,2$និង5$ពីសំណាក់​អាជីវករផ្ទុយពីប្រសាសន៍ថ្នាក់ដឹកនាំ​ក្នុងខ្លឹមសារ​បង្ហាញដើមទង​ថា៖ «ដើម្បីឆ្លើយតបព័ត៌មានដែលបាន​បង្ហោះក្នុងបណ្ដាញ​ទំនាក់ទំនង​សង្គមថា៖ នៅសាខាលក់ផល្លិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី នៅសាខា​មណ្ឌលគិរី នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិចំបក់សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លារក្រដាស1$,2$និង5$ កាលពីព្រឹកថ្ងៃទី02/06/2020 នោះ កម្លាំងនគរបាលបាន​ចុះដល់គោលដៅសួរនាំ រកឃើញថាជាព័ត៌មាន​ពិតមែន ហើយមូលហេតុដែលគាត់មិនទទួលយកព្រោះតែ គាត់បានយកក្រដាសប្រាក់ប្រភេទទាំង3នេះទៅទិញទំនិញនៅផ្សារសែនមនោរម្យក៏គេមិនទទួលយកដែរ​ ដូច្នេះហើយទើបបានជាគាត់មិនយកដែរទៅ»។

ប្រភពខាងលើ​បានលម្អិតបន្ថែមទៀតថា៖ «​រណីនេះកម្លាំងយើងបានធ្វើការណែនាំឲ្យ​ចាយធម្មតាវិញ​តាមការណែនាំ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បើមានអ្នកណាមិន​ទទួលយក​ក្រដាសប្រាក់ដុល្លារទាំងបីប្រភេទនេះ​ សូមឲ្យរាយ​ការណ៍មកសមត្ថកិច្ចដើម្បីចុះណែនាំបន្ត។ បន្ទាប់ពី​ណែនាំរួច ម្ចាស់អាជីវកម្មខាង​លើបានសន្យាថានឹងទទួលយកតាមការណែនាំនេះ។ សូមសាធារណជន និងអ្នកនិយម​ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទទួលជ្រាបជាព័ត៌មាន និងសូមចូលរួមធ្វើ​ចរាចរណ៍​ទទួលយកក្រដាសប្រាក់ខាងលើទាំងអស់គ្នា។សមត្ថកិច្ចនគរបាល នឹងចាត់ វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាបន្តល្មើសនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល»៕