ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញា MISS GLOBAL INTERNATIONAL 2017 ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់មិនទាន់បានប៉ុន្មានផង ស្រាប់តែមានរឿង ដ៏រសើបមួយកើតឡើង ធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា ដោយសារតែ គណៈកម្មការ MISS GLOBAL INTERNATIONAL ធ្វើការបញ្ឈប់នាយកប្រតិបត្តិចាស់ចោល ដាក់នាយកប្រតិបត្តិថ្មីចូលភ្លាមៗ ព្រោះតែមានបញ្ហាហិរញ្ញវត្ថុ នៅពីក្រោយរឿងនេះ។ អ្វីដែលសំខាន់ គឺការបញ្ឈប់នាយកប្រតិបត្តិចាស់ចោលនេះ ត្រូវបានមហាជនជាច្រើន សម្ដែងការគាំទ្រ ដោយសារតែមានចំណុចខ្វះខាតជាច្រើន ក្នុងកម្មវិធីនេះ ធ្វើឲ្យមហាជនមិនពេញចិត្ត។

នាយកប្រតិ្តបត្តចាស់ ដែលមានឈ្មោះថា Ratanak Roth Oeurn ត្រូវបានគណៈកម្មការ ធ្វើសន្និសីទកាសែតប្រកាសបញ្ឈប់ភ្លាមៗ ក្រោយកម្មវិធីត្រូវបានបញ្ចប់ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ ជាមួយគ្នានៃបញ្ហាបញ្ឈប់នេះ មហាជនជាច្រើនបាននិយាយតគ្នាថា ដោយាសារតែកម្មវិធី MISS GLOBAL INTERNATIONAL ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះ គឺហាក់មិនបានបង្ហាញ តំបន់ទេសចរណ៍សំខាន់ៗអ្វី ក្នុងប្រទេសកម្ពុជា ឲ្យពិភពលោកបានស្គាល់ ជាដុំកំភួននោះទេ ពោលគឺមានតែពាណិជ្ជកម្មស្រាបៀរ យ៉ាងវែងអន្លាយ តែប៉ុណ្ណោះ។ អ្វីដែលសំខាន់នោះ គឺកម្មវិធីនៅវគ្គផ្ដាច់ព្រ័ត្រ បានអូសបន្លាយពេលវេលាយ៉ាងយូរ រហូតដល់ម៉ោង១ជិត២ រលងអាធ្រាត្រ និងធ្វើឲ្យគណៈអធិបតីធំៗដូចជា លោកស្រី ម៉ែន សំអន ,លោក ខៀវ កាញារីទ្ធ, លោកស្រី ភឿង សកុណា និងអ្នកទស្សនាជាច្រើនរូបទៀត អង្គុយសំកុករង់ចាំរហូតដល់ចប់កម្មវិធី ៕