ភ្នំពេញ៖ ច្រើនខែច្រើនឆ្នាំម្តាយតារាសម្តែង ចន ច័ន្ទលក្ខិណា រស់ត្រាំត្រែងនឹងជំងឺប្រចាំកាយ ដែលត្រូវលេបថ្នាំ និងថែទាំវេជ្ជសាស្ត្រយ៉ាងទៀងទាត់បំផុត ។ ជាក់ស្តែងក្នុងប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពជំងឺរបស់អ្នកស្រី វណ្ណ ដានី មានវ័យ ៦៣ឆ្នាំ បានធ្វើទុក្ខខ្លាំង រហូតត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យតាមដានជំងឺ ។ រំពេចនោះ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា បានបង្ហោះសារជូនពរម្តាយដោយរំលេចនូវក្តីបារម្ភលើបណ្តាញសង្គមហ្វេសប៊ុកថា “ជិតដល់ថ្ងៃការកូនស្រីពៅហើយ បើម៉ាក់ឈឺអត់មានអ្នកណាអង្គុយលើក្បាលកន្ទេលថ្ងៃរៀបការកូនស្រីទេ” ។

ការព្រួយបារម្ភរបស់តារាសម្តែងរូបនេះ បានបង្ហាញថា ស្ថានភាពជំងឺរបស់អ្នកស្រី វណ្ណ ដានី ដែលត្រូវជាម្តាយនោះ មិនទាន់បានធូរស្បើយពីជំងឺឡើយ ដោយលោកគ្រូពេទ្យមិនទាន់បានបញ្ជាក់ថាត្រូវចេញពីមន្ទីរពេទ្យថ្ងៃណាទេ បានជាធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា បារម្ភខ្លាចមិនមានវត្តមានអង្គុយលើក្បាលកន្ទេលនៅថ្ងៃការកូនស្រីពៅនាពេលឆាប់ៗខាងមុខនេះ ។ ក្នុងសារនោះ ក្រៅពីអ្នកគាំទ្របានចូលទៅខមមិនជូនពរ ក៏ឃើញវត្តមានដ៏ពិសេសរបស់តារានយោបាយតាមហ្វេសប៊ុក ធី សុណ្ណថា បានចូលទៅសួរសុខទុក្ខម្តាយតារាសម្តែង ចន ច័ន្ទលក្ខិណា ផងដែរ ។ គួរបញ្ជាក់ថា ថៅកែខ្សាច់ដ៏មានឥទ្ធិពលអ្នកស្រី វណ្ណ ដានី មានជំងឺលើសឈាមតាំងពីយូរណាស់មកហើយ នាពេលថ្មីៗនេះអ្នកស្រីកើតមានជំងឺបន្ថែមទៀតគឺ ឈឺសន្លាក់ កៀបសរសៃត្រគៀក និងឆ្អឹងខ្នង ៕