ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែង និងជាពិធីការិនីដ៏មានប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈនាងបានបង្ហោះរូបភាពដ៏សែនស្រល់ស្អាតប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក គ្រងសម្លៀកបំពាក់រ៉ូបកូនក្រមុំ ពណ៌ស-ក្បុស ដោយបានរំលេចនូវសម្រស់ ស្រស់ស្អាត គួរឲ្យចង់គយគន់ មិនចេះជិនណាយ រួមនឹងបញ្ចេញស្នាមញញឹមម្ដងៗ បានឆក់យកបេះដូងបុរសៗ ឲ្យលង់ស្នេហ៍លើរូបនាងដកចិត្តស្ទើរតែមិនរួច។ ទន្ទឹមនឹងការគ្រងឈុតកូនក្រមុំនេះ ត្រូវបានអ្នកគាំទ្រខមមិនចំអន់លេងថា “តារារូបនេះប្រហែលជាចង់រៀបការហើយ បាននាងចេះតែ​ស្លៀកពាក់រ៉ូបកូនក្រមុំ”  ហើយមានអ្នកគាំទ្រម្នាក់បានចោទសួរថា “តើបុរសណា ជាគូអនាគតនាង?” ។ សម្រាប់ចម្លើយនេះ រង់ចាំ​ការបកស្រាយពីសំណាក់តារាសម្តែងដ៏ល្បី ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាសាមីខ្លួន ។

ជាការពិតណាស់ ពិធីការិនីវ័យក្មេង ពូកែវោហារស័ព្ទចាក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថា មានសំណាងល្អ ដែលអាចនិយាយបានថា ទេវតាប្រទានឲ្យនូវសម្រស់ដ៏ស្រស់ផូរផង់ មិនចាញ់តារាបរទេសឡើយ រហូតមានទស្សនិកជនជាច្រើន បានដាក់រហស្សនាមឲ្យនាងថា រាជនីសម្រស់ទៀតផង។ គួរបញ្ជាក់ផងដែរថា ពិធីការនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញឈុតកូនក្រមុំនេះ ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែភាពទាក់ទាញ និងពាក្យកោតសរសើរ ពីមហាជននៅតែកើតមានដដែល ៕