ភ្នំពេញ៖ ឆ្លើយតបនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ភ្នាក់ងារលក់វត្ថុបុរាណ ដែលមានទីតាំងនៅប្រទេសអង់គ្លេស បានស្ម័គ្រចិត្តប្រគល់គ្រឿងអលង្ការមាស សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ហើយនៅពេលដ៏ខ្លីខាងមុខ​នេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូឆ្ពោះទៅ កាន់ប្រទេសអង់គ្លេស ដើម្បីដង្ហែត្រឡប់មកវិញ នូវឈុតគ្រឿងអលង្ការទាំងនោះ។

ជាមួយគ្នានេះ សហភាពសហព័ន្ធក៏អំពាវនាវឲ្យសាធារណជន យុវជនទាំងអស់ចូលរួម សហការតាមរយៈការផ្សព្វផ្សាយដំណើរការ ដង្ហែត្រឡប់មកវិញនូវ ឈុតគ្រឿងអលង្ការ សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរ ឲ្យកាន់តែទូលំទូលាយ ដើម្បីបង្ហាញអំពីការចូលរួមរបស់យុវជន ក្នុងការថែរក្សា និងលើកតំម្លៃសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិ ដែលកំពុងវិលត្រឡប់មកមាតុប្រទេសវិញ។

សូមជម្រាបថា គ្រឿងវត្ថុបុរាណខ្មែរជាកេរ្តិ៍ដំណែលពីដូនតាតាំងយូរលង់ណាស់មកហើយ ដែលត្រូវបាត់បង់កាលពីសម័យសង្រ្គាមស៊ីវិល ហើយចៃដន្យកាលពីឆ្នាំ២០១៦ ទទួល​បានព័ត៌មានថា មានការដាក់លក់វត្ថុបុរាណរបស់កម្ពុជា នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ភ្លាមៗនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើរសុំទាមទារត្រឡប់មកវិញ នូវគ្រឿងវត្ថុបុរាណដ៏កម្រទាំងនោះ ហើយភ្នាក់ងារលក់វត្ថុបុរាណ ក៏បានយល់ព្រមប្រគល់ឲ្យកម្ពុជាវិញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ៕