ភ្នំពេញ៖ ការព្រួយបារម្ភពីការបាត់បង់តន្ត្រីករបុរាណ ជាប្រធានបទដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ។ ជាក់ស្តែង ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសមាគមមិត្តតន្ត្រីករ ក្នុងគោលបំណងប្រមូលផ្តុំសិល្បករ សិល្បការិនីខ្មែរ ដែលមានអាជីពជាអ្នកតន្ត្រីគ្រប់ជំនាញ និងគ្រប់ជំនាន់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយគ្រប់ទម្រង់តន្ត្រីរបស់ប្រទេសកម្ពុជាមិនឲ្យបាត់បង់ ខណៈបច្ចុប្បន្ន ទម្រង់សិល្បៈតន្រ្តីបុរាណខ្មែរមួយនេះ មិនសូវមានការចាប់អារម្មណ៍ពីស្រទាប់យុវវ័យនៅក្នុងប្រទេសកម្ពុជា។

ជុំវិញរឿងនេះ លោក យន់ ខៀន ហៅ យន់ ធារ៉ា អគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសមាគមមិត្តតន្ត្រីករ បានថ្លែងថា សមាគមនេះ នឹងការពារ ថែរក្សាអត្តសញ្ញាណ ពណ៌សម្បុរសិល្បៈវប្បធម៌ជាតិ ព្រមទាំងជួយរកទីផ្សារសម្រាប់ធ្វើអាជីវកម្មសិល្បៈតន្ត្រីខ្មែរ និងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់តន្ត្រីករ ។

កន្លងមក សិល្បៈតន្រ្តីបុរាណខ្មែរមិនមានការសរសេរចងក្រងជាអក្សភ្លេង ឬចារទុកជាក្បួនតន្ត្រី ក្រៅពីរៀនតៗគ្នាតាមរយៈការស្តាប់សូរ្យសៀងភ្លេងនោះទេ ដែលកត្តានេះទាមទារសិល្បករ តន្ត្រីករ កវីនិពន្ធជើងចាស់ទាំងអស់ ត្រូវរួមគ្នាស្រាវជ្រាវចងក្រងឯកសារ និងផ្ទេរចំណេះដឹងទៅឲ្យអ្នកសិល្បៈជំនាន់ក្រោយ ដើម្បីថែររក្សា អភិរក្ស និងលើកស្ទួយអត្តសញ្ញាតន្ត្រីបុរាណខ្មែរឲ្យបានគង់វង្ស  ៕