ភ្នំពេញ៖ ​ព្រឹក​មិញ​នេះ ​ពិធី​ករ​ និង​ជា​តារា​សម្ដែង​ ជា វណ្ណារិទ្ធ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកទទូចសុំឲ្យប្រជាពលរដ្ឋខ្មែរ​ចូលរួមបោះឆ្នោតឲ្យបវរកញ្ញាចក្រវាលកម្ពុជា ប៊ី សុធារី ប្រកួតកម្មវិធី Miss Universe ដែលខណៈនេះនាង​កំពុង​ត្រូវការ​អ្នកគាំ​ទ្រ​ជាសំឡេង​ឆ្នោត​ឲ្យបាន​​ច្រើន​ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ នៅសហរដ្ឋអាមេរិក ។ ក្នុងសារ​នោះ​​លោកបានសរសេរថា “ខ្ញុំបានបោះឆ្នោតឲ្យបវរកញ្ញាចក្រវាលកម្ពុជារួចហើយ ។ ចុះអ្នកវិញ?” ។

រំពេចនោះ មានអ្នកគាំទ្រលោកជាច្រើន​បាន​ចូលខមមិនដោយមតិផ្សេងៗគ្នា ដោយអ្នកខ្លះថា បានបោះឆ្នោតឲ្យរួចហើយដែរ ប៉ុន្តែអ្នកខ្លះទៀតចង់បោះឆ្នោតដែរ តែមិនយល់​ពីនិតិវិធី ត្រូវធ្វើយ៉ាងណា ដើម្បីបោះឆ្នោតបាន។ ទន្ទឹមនឹងចម្ងល់របស់មហាជននេះ តារាសម្តែងរូបស្រស់ចូលចិត្តបង្ហោះរូបប្រពន្ធកូន ជា វណ្ណារិទ្ធ បានចេញមុខពន្យល់ថា “មនុស្សម្នាក់អាចបោះឆ្នោតបាន ១០ដងក្នុងមួយថ្ងៃ  ដោយគ្រាន់តែចុចលើគេហទំព័រ  http://vote.missuniverse.com  ហើយស្វែងរក  Miss Cambodia បន្ទាប់មកចុច Like & Share ដោយ Like ១ បាន ១ពិន្ទុ និង Share ១ បាន ៥ពិន្ទុ” ។

លោកបានបន្តថា “យើងធ្វើនេះ ដើម្បីបង្ហាញពីការរួបរួមគ្នានៃជនរួមជាតិខ្មែរ លើឆាកអន្តរជាតិ ។ ប្រវត្តិសាស្ត្រ នឹងអាចផ្លាស់ប្តូរបានប្រសិន បើយើងទាំងអស់គ្នារួមដៃគ្នា” ។ សារដែលមានលក្ខណៈទទូច និងដាល់តឿនមួយនេះ បានធ្វើឲ្យមជ្ឈដ្ឋានទូទៅ មានការសាទរ សរសើរទឹកចិត្ត​តារា​មួយដួងនេះថាចេះស្រលាញ់ជាតិសាសខ្លួនឯង បន្ទាប់មកម្នាក់ៗប្តេជ្ញាថា នឹងចូលរួមបោះឆ្នោត ដើម្បីមុខមាត់ប្រទេសកម្ពុជា ៕