រាជធានីភ្នំពេញ ៖ តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលទទួលបានប្រជាប្រិយភាពដាច់គេក្នុងឆ្នាំ២០២០នេះ ខណៈគ្រប់ចម្រៀង Original របស់នាង ដែលបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra ក្នុងមួយបទៗសុទ្ធសឹង​តែទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ តន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀង​របស់នាងសរុបរហូតដល់ទៅ ៣២៣.៧ លានដង ក្នុងយូធូប។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយ​នៅក្នុង​វិស័យ​សិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់  អាចទទួលបានការគាំទ្រលើសលប់នៅ​ក្នុងប្រទេស​កម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់ តន់ ច័ន្ទសីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original ទាំងអស់។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់​វិស័យសិល្បៈចម្រៀង​ក្នុងប្រទេសកម្ពុជា។ 

ភាពរីកចម្រើន និងភាពលេចធ្លោនៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរកចំណូលបានខ្ពស់ មិនធ្លាប់ទទួលបានពីមុនមក។

គួរជម្រាបថាតារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀង​របស់នាង​ដែលចេញមកក្រោមផលិតកម្ម Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ទោះជា​តារា​ចម្រៀង​វ័យក្មេង​ទើ​បចូលប្រឡូកក្នុងពិភពចម្រៀងពិតមែន ប៉ុន្តែសន្ទុះនៃការបង្កើនប្រជាប្រិយភាពរបស់ តន់ ច័ន្ទសីម៉ា គឺមិនធម្មតាឡើយ៕