ភ្នំពេញ៖ មានមតិមហាជនប្រមាណជាង ៩០ភាគរយ ដែលគាំទ្រសាររបស់តារាចម្រៀងជើងចាស់ដ៏ល្បី ម៉េង កែវពេជ្ជតា ដែលបានបង្ហោះ​លើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី២២ វិច្ឆិកា និយាយរៀបរាប់ពីការមិនពេញចិត្តទៅនឹងលុយខ្មែរមានការផ្លាប់ប្តូរញឹកញាប់ថា “និយាយពីរឿង​ រូបិយវត្ថុ​ (​លុយ​)​ នៅស្រុកខ្ញុំ​ ម្តេចក៏មានច្រើនរូប​ ច្រើនបែបម្ល៉េះ​? ចំនួនទឹកប្រាក់តែមួយ​ ប៉ុន្តែមានរូបរាង​ ព៌ណ​ រូបភាព​ ទំហំផ្សេងៗគ្នា​ ធ្វើឲ្យអ្នកចាយមានការវង្វេងវង្វាន់​” ។ តារាចម្រៀងរូបនេះបានបន្តថា “សូម្បីខ្ញុំជាប្រជាពលរដ្ឋខ្មែរនៅមានការភាន់​ច្រឡំ ចុះទម្រាំជនបរទេសទៀត​ តើគេនឹងពិបាកស្គាល់​​យ៉ាងម៉េចទៅ​?” ។ ទន្ទឹមនេះ មានមហាជនជាច្រើនបានចូលខមមិន ដោយលើកឡើងពីមតិយោបល់ប្រហាក់ប្រហែលគ្នាជាច្រើនថា “ខ្ញុំចង់និយាយរឿងហ្នឹងដែរ តែមិនហ៊ាននិយាយ បើនិយាយមិនស្រួលគេប្តឹង គេចាប់បាត់ឥឡូវ គេបោះពុម្ពលុយឲ្យចាយ ខ្ញុំចេះតែចាយទៅ” ។

ឆ្លងតាមការស្ទាបស្ទង់មតិយោបល់អ្នកចូលខមមិន និងការយល់ឃើញរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា មានគំនិតដូចគ្នា ហើយពួកគេក៏​សូមអំពាវនាវឲ្យធនា​គារជាតិ ធ្វើការគ្រប់គ្រង និងបោះពុម្ពលុយ យ៉ាងណាឲ្យមានភាពងាយស្រួលសម្រាប់អ្នកចាយ ជៀសវាងការភាន់ច្រឡំដោយអចេតនា ព្រោះ​ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការបោះពុម្ពលុយជាទម្រង់ក្រដាសថ្មីញឹកញាប់ ។ ពាក់ព័ន្ធរឿងនេះ មហាជនជនខ្លះបានប្រៀបធៀបថា រូបិយប័ណ្ណបរទេស គេក៏មានការផ្លាប់ប្តូរដែរ តែមិនញឹកញាប់ពេកទេ ពោលគឺប្រហែល ២ទៅ៣ទសវត្ស ទើបគេធ្វើការផ្លាស់ប្តូរម្តង ហើយទម្រង់ដែលគេផ្លាស់ប្តូរក៏មិនខុសឆ្ងាយពីទម្រង់ក្រដាសប្រាក់ចាស់ដែរ ៕