ភ្នំពេញ៖ តារាចម្រៀងងស្រគត់ស្រគំកញ្ញា សុគន្ធ នីសា ខណៈមជ្ឈដ្ឋានមហាជនកំពុងដាក់ការតាមដាន់ពីដំណើរជីវិតបញ្ចប់ភាពនៅលីវ ជាមួយអាណិកជនខ្មែរអាមេរិក ឈ្មោះ សាំបា ។ ទាំងការបង្ហាញឲ្យដឹងថា ពិធីទទួលភ្ញៀវធ្វើនៅសណ្ឋាគារលំដាប់ផ្កាយ នៅចុងឆ្នាំ២០១៧នេះ នាង សុគន្ធ នីសា នៅថ្ងៃទី២២ ខែវិច្ចិកា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ទទួចសុំការលើកទឹកចិត្តពីកម្មវិធីនាងសម្តែងនៅសណ្ឋាគារដែលនាងត្រូវរៀបចំពិធីក្រាបផ្ទឹមខាងមុខនោះ។

ក្នុងសារទទួចនោះ តារាចម្រៀងកំពុងត្រៀមខ្លួនធ្វើកូនក្រមុំសម្រាប់ថ្ងៃបញ្ចប់ភាពនៅលីវនោះ នាងបានរៀបរាប់យ៉ាងដូច្នេះថា«សូមគោរពអញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចជុំគ្នា និងជួបជាមួយនាងខ្ញុំ ព្រមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើនទៀត »។ ព្រមនឹងការបង្ហាញបន្តថា «ក្នុងការសម្តែងដោយស្ម័គ្រចិត្តនៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ ចាប់ពីម៉ោង៦ល្ងាចតទៅ នៅថ្ងៃទី៥ ខែធ្នូនេះ។ កញ្ញា សុគន្ធ នីសា អះអាងថា «សូមគោរពជម្រាបថា ចំណូលដែលបានមកពីការលក់សំបុត្រចូលរួមកម្មវិធីនេះនឹងយកទៅប្រើប្រាស់ក្នុងការទ្រទ្រង់បណ្ណាល័យចល័តរបស់អង្គការស៊ីប៉ា និងលើកកំពស់វិស័យអំណាននៅកម្ពុជា»។

ក្នុងសារដដែលនោះនាងនិយាយទាំងមានមោទនភាពទៀតថា«នាងខ្ញុំពិតជារំពឹង និងសង្ឃឹមថានឹងទទួលបានវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាចក្នុងន័យសប្បុរសធម៌នេះ យ៉ាងច្រើនអធឹកអធម និងកក់ក្តៅ ក្នុងឆន្ទះលុបបំបាត់អនក្ខរកម្មនៅកម្ពុជា ឲ្យក្មេងតូចៗ និងអនក្ខរជន ចេះអានអក្សរ ដើម្បីងាយក្នុងការទទួលយកចំណេះដឹងដើម្បីអនាគត និងបង្កើនធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងក្លាទៅមុខទៀត»៕