ភ្នំពេញ៖ ក្រោយពីបានធូរស្បើយពីជំងឺប្អូនស្រីពៅ សាន ម៉ីនាង មិនទាន់បានមួយថ្ងៃស្រួលបួលផង ស្រាប់តែកើតមាន​ជំងឺ​ដដែលនេះលើក្មួយប្រុសរបស់នាង ត្រូវជាកូនប្រុសច្បងអតីតតារាចម្រៀង សាន ស្រីឡៃ គឺកុមារា សាន សុវណ្ណរាជ ដែលត្រូវញាំញីដោយជំងឺគ្រុនក្តៅ ខណៈពេលនេះកុមារាកំពុងត្រូវបានសម្រាកញ៉ាំថ្នាំនៅផ្ទះ ដោយមានការថែទាំយកចិត្តទុកដាក់​ពីសំណាក់ជីដូន និងមីងៗ ។ ចំណែកម្តាយកុមារាគ្មានវត្តមាននៅទីនោះទេ ព្រោះរូបកាយម្តាយ សាន ស្រីឡៃ បានចាកឆ្ងាយចោលរូបកូនប្រុស២នាក់ហើយ គ្មានថ្ងៃវិល​មកថែរក្សាកូនទាំង២ វិញឡើយ។

ពាក់ព័ន្ធនឹង​ជំងឺគ្រុនក្តៅរបស់កុមារា សាន សុវណ្ណរាជ ត្រូវបានមីងបង្កើតប្រាប់ថា “ក្មួយរាជ ឈឺព្រោះអាកាសធាតុប្រែប្រួល ហើយណាមួយរូបគេចេះនឹករលឹក​ដល់ម្តាយ (ស្រីឡៃ) ពេលខ្លះក្មួយរាជមមើស្រែកហៅរកម្តាយទាំងយប់ក៏មាន” ។ បន្ទាប់ពី​ស្តាប់សម្ដីបកស្រាយប៉ុន្មានម៉ាត់នេះ ធ្វើឲ្យមានអារម្មណ៍សង្វេគអាឡោះអាល័យតារាចម្រៀង សាន ស្រីឡៃ មិនតែប៉ុណ្ណោះអាណិតកូនប្រុសទាំង២នាក់របស់នាង ដែលរស់នៅក្នុងភាពឯកោ គ្មានភាពកក់ក្តៅ៕