រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ តារាចម្រៀងឯករាជ្យកញ្ញា ទេព បូព្រឹក្ស រួមគូស្នេហ៍លោក ជី ដេវីត បានដឹកដៃគ្នាធ្វើនូវសកម្មភាពសប្បុរធម៌មួយ ដោយបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១១៤ គ្រួសារ នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីសម្រាលទុក្ខលំបាកបងប្អូនខ្មែរ ក្នុងគ្រាមានអាសន្នផងដែរ។

បន្ទាប់ពីបញ្ចប់នូវទង្វើសប្បុរធម៌បានដោយរលូន និងជ្រះថ្លារួចហើយនោះ ស្រាប់តែមុននេះ ម្ចាស់បទ «My សង្សារ» បានបង្ហោះនូវរូបភាពបង្ហាញស្នាមញញឹមរីករាយកំឡុងពេលចែកអំណោយ ថែមភ្ជាប់ដោយពាក្យពេចន៍បញ្ជាក់មូលហេតុរុញច្រានបេះដូងឲ្យចូលរួមក្នុងការសង្រ្គោះពលរដ្ឋព្រោះជាការតបស្នងយ៉ាងមានអត្ថន័យថា៖ «ពួកខ្ញុំទាំងពីរនាក់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានថ្ងៃនេះក៏ដោយសារ បានការស្រលាញ់ និងគាំទ្រពីអ៊ុំពូមីងលោកយាយលោកតា និងបងប្រុសបងស្រីហ្វេនៗទាំងអស់គ្នា ចឹងពេលនេះកូនទាំងពីក៏គ្មានអ្វីច្រើននោះទេ មានតែរបស់បន្តិចបន្តួចនេះជូនដល់លោក ហើយពួកយើងទាំងពីរឃើញតាមរូបថតដែលហ្វែនផ្ញើមកឲ្យចឹង»។

ជាមួយគ្នានោះ គូស្នេហ៍៤ឆ្នាំរបស់ តារាចម្រៀងរ៉េបឈ្មោះដើម ងួន ចាន់ដេវីត រូបនេះ បានបន្តប្រកាសនូវដំណឹងត្រៀមធ្វើនូវទង្វើសប្បុរសធម៌ជាថ្មីទៀតហើយ ដោយរៀបរាប់បញ្ជាក់ថា៖ «ប៉ុន្មានថ្ងៃទៀត ពួកយើងទាំងពីរនឹងមានជារបស់បន្តិចបន្តួចទៅជួបបងប្អូន នៅអូរតាគី300គ្រួសារ និងខាងបរវេល300គ្រួសារ សូមព្រះតាមថែរក្សារបងប្អូនទាំងអស់គ្នាផង»៕