វៀតណាម៖ តារាចម្រៀងសំឡេងក្រអួនក្រអៅ មាស សុខសោភា បានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនារាត្រីថ្ងៃទី២២ វិច្ឆិកា តារាចម្រៀងរូបនេះ បានបង្ហើរសំនៀងនៅលើឆាកតន្ត្រីនៃពិធីមង្គលការនៅខេត្តត្រាវិញ ប្រទេសវៀតណាម ។ រំពេចនោះ តារាចម្រៀងស្រីដ៏ល្បី មាស សុខសោភា បានសារលើគណនីអ៊ីនស្ត្រាក្រាមថា “សប្បាយណាស់! នេះជាលើកដំបូងសម្រាប់នាងខ្ញុំ បានមកទីនេះ” ។ ទន្ទឹមនោះ តារាចម្រៀងរូបនេះ ក៏បានង្ហោះវីដេអូជិត ១នាទី ស្តែងពីសកម្មភាពនាង ច្រៀងបទ “ភព្វសំណាង” យ៉ាងពិរោះរណ្តំ ធ្វើឲ្យអ្នកទស្សនាជាជនជាតិវៀតណាមមានការសប្បាយរីករាយផងដែរ ។
គួរបញ្ជាក់ថា វត្តមានតារាចម្រៀងផ្សាភ្ជាប់ជីវិតនឹងធម្មជាតិ មាស សុខសោភា ច្រៀងលើឆាកយ៉ាងពិរោះនោះ គឺតបការអញ្ជើញពីសំណាក់ពិធីករវៀតណាមភ្លាមៗ ខណៈនាងកំពុងអង្គុយញ៉ាំភោជនីអាហារក្នុងពិធីមង្គលការនៅវៀតណាម ។ ជុំវិញរឿងនេះ មានអ្នកជិតស្និទ្ធនឹងតារាចម្រៀង មាស សុខសោភា បានបង្ហើបឲ្យដឹងថា “តារារូបនេះ បានចាកចេញពីកម្ពុជាទៅចូលរួមពិធីមង្គការបងប្អូននៅវៀតណាម តាំងពីថ្ងៃទី២០ វិច្ឆិកា មកម៉្លេះ” ។ ការបង្ហាញវត្តមានលើកដំបូងរបស់តារាចម្រៀង មាស សុខសោភា ត្រូវបានអ្នកគាំទ្រនាងនៅវៀតណាម ទទូចសុំឲ្យនាងមកច្រៀងមកម្តងទៀត បើមានឱកាស ៕
