ភ្នំពេញ ៖ ក្នុងនាមជាអតីតស្វាមីលោកពេជ្រ ភិរុណ បានបង្ហាញការត្រៀមស្វាគមន៍ និងរង់ចាំជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ពីការវិលមកថតភាពយន្តជាថ្មីរបស់អតីតភរិយា អ្នកស្រីអម្ពរ ទេវី ។ ខណៈដែលលោកអះអាងថា «ធ្វើដូចអ្វីដែលលោកធ្លាប់ធ្វើនៅ ពេលអ្នកអ្នកអម្ពរ ទេវី មកពីអាមេរិកចូលរួមសម្តែងភាពយន្ត រឿងទឹកចិត្តម្តាយសម័យថ្មី មុននេះ ។ តែយ៉ាងណា លោក ពេជ្រ ភារុណ ដែលកំពុងត្រៀមខ្លួនចូលប្រឡូកភាពយន្តជាថ្មីផងដែរនោះ លោកសារភាពថា ពេលនេះលោកនៅមិនទាន់ទទួលបាន ដំណឹងនៃការវិលមកថតកុនរបស់អ្នកស្រីអម្ពរ ទេវី ជាថ្មីនោះទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា«រីករាយរង់ចាំជួយសម្រួលគ្រប់យ៉ាងតាមតម្រូវការរបស់គាត់»។

បន្ថែមពីជំហ៊ស្វាគមន៍ដំណើរអតីតភរិយា ប្តូរទឹកចិត្តពីគូស្នេហ៍ មកជាអ្នករាប់អានគ្នាធម្មតាដែលកម្រនិងមានម្នាធ្វើបានបែបនេះណាស់ លោកពេជ្រ ភិរុណ ក៏បានបង្ហើបទៀតថា «ប្រសិនបើ អម្ពរ ទេវី ពិតជាមកថតកុននៅស្រុកខ្មែរមែននោះ ខ្ញុំមិនអាចជៀសផុតឡើយពីការស្នើសុំឲ្យជួយទៅលើបញ្ហាមួយចំនួន ។ ក្រៅតែអំពីការសម្រិតសម្រាំងសម្លៀកបំពាក់ទុកសម្រាប់ឲ្យគាត់ថតនោះឡើយ ដែលពិធីការនេះខ្ញុំក៏ធ្លាប់ធ្វើម្តងរួចហើយកាលពីគាត់មកថតកុនលើកដំបូង ។ លោកពេជ្រ ភិរុណ អះអាងទៀតថា«អម្ពរ ទេវី តែងតែពឹងពាក់ខ្ញុំយ៉ាងហោចណាស់២សប្តាហ៍មុនការមកដល់ស្រុកខ្មែរ ដើម្បីឲ្យខ្ញុំត្រៀមសម្លៀកបំពាក់សម្រាប់ឲ្យគាត់ទុកពេលថត ។ សម្លៀកបំពាក់ដែលគាត់ពេញចិត្តនោះ គឺត្រូវធ្វើឡើងដោយដៃខ្ញុំមួយប៉ុណ្ណោះ ណាមួយខ្ញុំបានដឹងពីចិត្តគាត់ច្បាស់ បើទោះបីជាពេលនេះយើងទាំងពីរបានបែកគ្នាអស់រយៈពេលជាង១០ឆ្នាំក៏ដោយ»។