ភ្នំពេញ៖ ក្រោយការស្ងប់ស្ងាត់មួយរយៈធំតារាចម្រៀង ប៊ុត សីហា ម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ដែលល្បីថាទៅសំងំតាំងសិល្ប៍នៅភ្នំស្រង់នោះ កាលពីម្សិលមិញថ្ងៃទី២៣ គណនីហ្វេសប៊ុកឈ្មោះ “Rasmey Hang Meas” បានគាស់កកាយឡើងនូវបទចម្រៀងចាស់ៗរបស់លោកតាមរយៈកម្មវិធី RHM Music Flashback បានធ្វើឲ្យមហាជនទូទៅមានការចាប់អារម្មណ៍បទចម្រៀងយ៉ាងខ្លាំង ប៉ុន្តែមជ្ឈដ្ឋានទូទៅនៅតែមានការសោកស្តាយមិនសមផលិតកម្មហង្សមាស បោះបង់តារាចម្រៀងដែលមានសំឡេងខ្ពស់ចោលសោះ ។

ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Serey Rathana” បានខមមិនថា “តាំងពីជាប់មក ប៊ុត សីហា គ្មានដែលឃើញឡើងឆាកធំអីសោះ មាននាមតែជាប់តែគ្មាននាមថាល្បី បទចម្រៀងក៏គ្មាន ទោះមានក៏មិនឃើញមានបទណាកើនឡើងសន្ទុះគាំទ្រដែរ” ។ ចំណែកឯម្ចាស់គណនីហ្វេសប៊ុក Son Somnang បានខមមិនទទូចសុំផលិតកម្មហង្សមាសថា “សូមចេញបទថ្មីៗ ឲ្យ ប៊ុត សីហា ផង កុំទុកគាត់ចោលអញ្ចឹង វាមិនសមទេផលិតកម្មធំមួយទាំងមូលដែរតែដូចជាចិត្តចង្អៀតណាស់” ។ ឆ្លងតាមការខមមិនទាំងអស់ ពីសំណាក់មហាជនប្រមាណជាង ៨០ភាគរយ ចង់ឲ្យ ប៊ុត សីហា ត្រលប់មកច្រៀងម្តងទៀត ហើយក៏សូមឲ្យហង្សមាស ចេញបទថ្មីៗឲ្យលោកផងដែរ ៕