ភ្នំពេញ៖ អតីតកម្មករសំណង់ពីរនាក់បងប្អូនកូនអ្នកកសិករនៃខេត្តស្វាយរៀង លោក ចែម ចាន់តារា ហៅនាយ ពាក់មី និងលោក ចែម សារឿន ហៅនាយ គ្រឿន ដែលទទួលបាន ការគាំទ្រ យ៉ាង ច្រើនភ្លូកទឹកភ្លូកដី ក្នុង​វិស័យ​កំប្លែងរបស់នាយទាំងពីរនាក់បងប្អូន ។ ក្រៅពីតារាកំប្លែងក៏ល្បីប្រចាំប្រទេស នាយ ពាក់មី និងនាយ គ្រឿន បានវិវត្តមុខមាត់ថ្មីមួយទៀតគឺ ក្លាយជាអ្នកនិពន្ធ និងដឹកនាំរឿង​ដ៏ពូកែផងដែរ ។ ជាក់ស្តែង ថ្មីៗនេះ តារាកំប្លែងស្ងួតនាយ គ្រឿន ក៏បានធ្វើឲ្យមហាជនមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោកបាននិពន្ធ និង​ដឹក​នាំ​សម្តែង​ជាបន្តបន្ទាប់ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ទន្ទឹមនឹងការរន្ទឺនៃ​ស្នាដៃនិពន្ធរបស់នាយ គ្រឿន ស្របពេលជាមួយគ្នានោះ រឿង “អ្នកបម្រើ ០០៧” ដែលជាស្នដៃនិពន្ធ និងដឹកនាំសម្តែងដោយនាយ ពាក់មី កំពុងតែមានសំទុះការគាំ​ទ្រពីបងប្អូនអ្នកទស្សនាយ៉ាងច្រើនកុះករផងដែរ ។

គួរបញ្ជាក់ថា មកដល់​បច្ចុប្បន្ន នាយ ពាក់មី បាននិពន្ធ និងដឹកនាំបាន ៥រឿង រួមមានរឿង 2 Brothers, 2 Fathers, អ្នកបម្រើ ០០៧, អាតួកូនឪ, បន្តោងឆ្នាំងដី និង​កំពុងដឹកនាំសម្តែងរឿង ចញ្ជៀនខ្មោច ហើយ​គ្រោង​ដឹកនាំសម្តែង កូនប្រសាទេវតា នាពេលដ៏ខ្លីខាងមុខ ។ ដោយឡែក នាយ គ្រឿន ដែលជាប្អូន​ប្រុសបង្កើត​ក៏​សម្រេចបាន​នូវស្នាដៃរបស់លោកចំនួន ៣រឿងផងដែរ ទី១ រឿង ជួបស៊យ ទី២ រឿង ថតកុន និងទី៣ រឿង មនុស្សឆ្គួត គ្រោងនឹងចាក់បញ្ជាំងឆាប់ៗនាពេលខាងមុខ ៕