រាជធានីភ្នំពេញ៖ កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលជាការផ្ដើមគំនិតរបស់តារាចម្រៀងឈ្មោះដើម លោក អួន បឋម (សាយ) ដែលធ្វើឡើងដើម្បីផ្នែកមួយជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងដើម្បីជួយកុមារដែលកំពុងត្រូវការការគាំទ្រផ្នែកសុខាភិបាលផងដែរ ហើយបើគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សាយ រៃអង្គាសថវិកាបានជាង ៤០ម៉ឺនដុល្លារហើយ ដែលនេះជាចំនួនថវិកាច្រើនហួសពីការរំពឹងទុកផងដែរ។

យ៉ាងណាក្ដី ចំពោះការប្ដេជ្ញាចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរនេះ សាយ នឹងរត់ក្នុងរយៈពេល ៩៩ថ្ងៃ លើចម្ងាយផ្លូវ ហើយក្នុងមួយថ្ងៃតម្រូវឲ្យរត់ចម្ងាយប្រហាក់ប្រហែល ៤០គីឡូម៉ែត្រ ដោយបានចាប់ផ្តើមរត់ចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ហើយគ្រោងបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ផងដែរ។

ស្របពេលដែលយុទ្ធនាការនេះអាចជួយសង្គ្រោះកុមារទូទាំងប្រទេសកម្ពុជានោះ ស្រាប់តែលេចនូវបុរសម្នាក់គណនីហ្វេសប៊ុកឈ្មោះ Cam Steven បានប្រកាសបន្តយុទ្ធនាការនេះពីម្ចាស់បទ «ងប់ងុល» ដែលបញ្ជាក់ដោយសំណេរបង្ហាញគោលជំហរច្បាស់ៗពីចិត្តតស៊ូថា៖ «ខ្ញុំបាទសូមចូលរួមអបអរសាទជួនចំពោះលោក អួន បឋម ហៅ សាយ ខ្ញុំបាទ សូមបន្តដំណើរការរត់បន្តពីលោកសាយ ដោយខ្ញុំបាទសូមប្រកាសរត់ ទៅខាងផ្នែកខាងប៉ែកឥល្ឍសាន្តប្រទេស ដោយនឹងរត់ចេញពីភ្នំពេញ ឆ្ពោះទៅកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌុលគីរី ស្វាយរៀង ព្រៃវែង ដោយបញ្ចប់នៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកថវិកាឧបត្តម្ភជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ»៕