រាជធានីភ្នំពេញ ៖ តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ បានឈរជើងលើវិថីសិល្បៈច្រើនឆ្នាំមកហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរូបលោកនៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រទោះស្ថិតក្នុងវ័យរាងជ្រេបន្តិចក្ដី បើធៀបនឹងតារាជើងថ្មីវិញគឺពិតជាមានភាពលំបាកក្នុងការដណ្ដើមតំណែងតួឯកពីរូបលោកណាស់។ ប៉ុន្តែមហាជនក៏តែងមានចម្ងល់មួយពាក់ព័ន្ធទឹកដមសម្លេងរបស់តារាសម្ដែងរូបនេះ ថាតើក្រៅពីថតភាពយន្ដលោកអាចច្រៀងបានឬយ៉ាងណានោះ? ស្រាប់តែថ្មីៗនេះលោក ទេព រិន្ទដារ៉ូ តារាសម្ដែងតាំងពីទសវត្សរ៍៩០ ក៏បានបង្ហើរសំនៀងអង្គុយច្រៀងលើឡានពេលកំពុងធ្វើដំណើរ។

ដោយក្នុងនោះលោកក៏បានភ្ជាប់ជាមួយសំណេរថា “ចេញដំណើរមកភ្នំសន្ទុក កំពង់ធំដើម្បីបំពេញការងារនៅទីនោះ អោយផលិតកម្មហង្សមាស ជិះមកតាមផ្លូវឃើញទេសភាពវាលស្រែដែលមានថ្ងៃលិចពណ៌មាសពិតជាស្រស់ស្អាតមែនទែន ជាពិសេសចាំងលើចុងត្នោតពណ៌ក្រហមច្រាលគួរអោយស្រឡាញ់ ..! តោះស្តាប់បទចំរៀងដែលខ្ញុំចូលចិត្តបំផុតមួយបទសិនទៅ ហើយតើបទនេះមានចំណងជើងថាម៉េច? មាននៅក្នុងខ្សែភាពយន្តខ្មែរយើងរឿងអ្វីដែរ? សម្តែងដោយតួណាខ្លះ ?

(សូមបញ្ជាក់ភាពយន្តខ្មែរសម័យមុន អាពត) … តោះស្តាប់លេង ហើយទាយសាកល្បងលេងទាំងអស់គ្នា”។ ឆ្លើយតបនឹងសំណួនេះត្រូវបានគេដឹងថាបទដែលលោក ទេព រិន្ទដារ៉ូ ច្រៀងនោះ គឺមានចំណងជើងថា “ដួងព្រះចន្រ្ទា” ដែលជាសំនៀងដើមរបស់អធិរាជសំលេងមាស ស៊ិន ស៊ិសាមុន និង រស់ សេរីសុទ្ធា។ ជាមួយគ្នានោះក៏មានការលើកឡើងបែបភ្ញាក់ផ្អើល និងលើកដំបូង មិននឹកស្មានថាតារាសម្ដែងជើងចាស់រូបនេះច្រៀងបានពីរោះមិនចាញ់តារាចម្រៀងអាជីពឡើយ៕