រាជធានីភ្នំពេញ៖ គុយលី គឺជាអ្នកចម្រៀងពលករម្នាក់ ដែលគេស្គាល់ថាជាមនុស្សដែលចូលចិត្តច្រៀង Cover បទចម្រៀងបង្ហោះលើបណ្ដាញសង្គម ដើម្បីបង្កើននូវការកម្សាន្តសប្បាយៗ ដោយទទួលបានប្រជាប្រិយភាពសន្ធឹកសន្ធាប់ពីមហាជន រហូតត្រូវបានឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ជួយជ្រោមជ្រែងរហូតគេចផុតឈ្មោះជាពលករចំណាកស្រុក និងមានជីវិតល្អប្រសើរនៅលើទឹកដីកំណើត ហើយពេលនេះរូបគេក៏បានឱកាសនិពន្ធនូវបទចម្រៀងជូនតារាចម្រៀងលោក ប៊ុត សីហា ជាលើកដំបូង។ នេះបើយោងតាមការបង្ហោះលើទំព័រផ្លូវការឈ្មោះ Kheng Kuyly-គុយលីចម្រៀងពលករ ផងដែរ។

យ៉ាងណាក្ដី បទថ្មីដែលជាស្នាដៃនិពន្ធយ៉ាងយកចិត្តទុកដាក់របស់អ្នកចម្រៀងពលកររូបនេះ មានចំណងជើងថា «មិនយំមុខអូន ខ្លាចអូនអាណិត» បកស្រាយដោយម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ទំនុកច្រៀងមានអត្ថន័យពីរោះប្លែក លន្លង់លន្លោច និងទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់ជាច្រើនផងដែរ ដោយក្នុងនោះ គុយលី បានបង្ហាញនូវអារម្មណ៍ និងក្ដីសង្ឃឹមដោយសុំការគាំទ្រពីមហាជនចំពោះស្នាដៃដំបូងរបស់ខ្លួនថា៖ «ស្នាដៃទី១ សរសេរឲ្យ ប៊ុត សីហា សង្ឃឹមថាបងប្អូនគាំទ្រ»៕