រាជធានីភ្នំពេញ ៖ តារាចម្រៀងរ៉េបល្បីលោក ជី ដេវីត បានបង្ហោះនូវវីដេអូសាច់រឿងខ្លីមួយ មានចំណងជើងថា «ស្នៀតសក់» ដែលជាការនិពន្ធសាច់រឿង និងដឹកនាំសម្ដែងផ្ទាល់ដោយ គូស្នេហ៍របស់លោកគឺតារាចម្រៀងល្បីកញ្ញា ទេព បូព្រឹក ដែលបញ្ជាក់ដោយការរៀបរាប់បន្ថែមលើវីដេអូនេះថា «ស្នៀតសក់ – ភាគ 01 អាថ៌កំបាំង ផលិតដោយក្រុម : DITWAY និពន្ធសាច់រឿង : ទេព បូព្រឹក្ស ដឹកនាំសម្តែង: ទេព បូព្រឹក្ស ថតដោយ : ទេព និមិត្ត កាត់តដោយ: ទេពនិមិត្ត ទីតាំងថត : sky villa condo»។

វីដេអូសាច់រឿងខ្លីដែលជាការរួមដៃគ្នាផលិតលើកដំបូងរបស់គូស្នេហ៍ជាង៤ឆ្នាំ រវាង ជី ដេវីត និង ទេព បូព្រឹក្ស ដែលក្នុងសាច់រឿងខ្លីនេះអ្នកទាំងពីរដើរជាតួឯកប្រុសស្រីនោះ កំពុងទទួលបានការគាំទ្រ និងចូលទស្សនាច្រើនសន្ថឹកសន្ធាប់ពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់អ្នកទាំងពីរផងដែរ ដោយមានមតិជាច្រើនបានពោលសរសើរមិនដាច់ពីមាត់នូវទេពកោសល្យដ៏ពូកែរបស់គូស្នេហ៍នេះថា៖ «ច្រៀងពីរោះហើយ អាចសម្ដែងបានល្អទៀត គួរឲ្យស្រឡាញ់ណាស់»៕