ភ្នំពេញ៖ ក្រោយការសុំពន្យាពេលចូលបំភ្លឺបណ្តឹងពីអតីតគូដណ្តឹង ដោយលើកថ្ងៃទៅថ្ងៃទី២៩ វិច្ឆិកាវិញនោះ តារាសម្តែងទឹកភ្នែក នី មុន្នីនាថ កំពុងតែរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ ខណៈដែលលោក អ៊ុង សូឡាង ប្តឹងទាមទារប្រាក់ប្រមាណ ១២ ម៉ឺនដុល្លារ ។ ជាក់ស្តែង ថ្មីៗនេះ គេបានឃើញតារាសម្តែងរូបស្រស់ នី មុន្នីនាថ បានប្រកាសលក់ផ្ទះវីឡាភ្លោះដែលនៅបុរីជីបម៉ុងជីតផ្សារអ៊ីអនទីពីរក្នុងតម្លៃ ២៤ម៉ឺនដុល្លារ ។

ជុំវិញរឿងនេះ មានការបង្ហើបពីសំណាក់អ្នកសិល្បៈដែលកៀកកិតជាមួយ នី មុន្នីនាថ ថាផ្ទះវីឡាភ្លោះនេះគឺជាផ្ទះរបស់ នី មុន្នីនាថ ដែលនាងបានទិញយូរមកហើយ ។ តែមិនដឹងថាមូលហេតុអ្វីបានជា នី មុន្នីនាថ ប្រកាសលក់នោះទេ ។ អ្វីដែលកត់សម្គាល់ទោះជាប្រឈមមុខជាមួយនឹងការឡើងតុលាការតាមបណ្តឹងរបស់អតីតគូដណ្តឹងក៏ពិតមែនតែ តារាសម្តែងរូបនេះនៅតែស្រស់ស្រាយ ៕