រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗមានទំព័រហ្វេសប៊ុកឈ្មោះ TNB News Brand បានបង្ហោះនូវវីដេអូរបស់ ឧកញ៉ា អ៊ាន សៀវម៉ី បង្ហាញនូវសកម្មភាពជេរតបតទៅកាន់អ្នកលេងបណ្ដាញសង្គមកប់ៗមាត់ ដៀលប្រមាថសុទ្ធតែសំផឹងផងដែរ ដោយក្នុងនោះប្រភព បានភ្ជាប់ជាមួយនឹងចំណងជើងធំៗបញ្ជាក់ថា «ឧកញ៉ា អ៊ាន សៀវម៉ី ព្រលះអ្នកcomment សុទ្ធតែមីស្រីខូច ទ្រី សុផានិត ឈឺមែនថាសម្ដែង»។

វីដេអូប្រើសម្ដីជេរបញ្ចោរតបតដាច់សាច់សុទ្ធតែពាក្យអសុរោះនោះ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបន្ត ដោយភ្ជាប់ជាមួយពាក្យពេចន៍ហាក់ហួសចិត្តបន្តិចថា៖ «មានគោរម្យងារជាឧកញ៉ាតែសម្ដីវិញថោកទាបជេរគេដូចហែកសំពត់ ឧកញ៉ាបែបៗនេះគេហៅថាពួកឧកញ៉ាជជុះ»។ ការចែករំលែកនេះត្រូវបានឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចេញវីដេអូបកស្រាយឆ្លើយតបវិញផងដែរ ដោយថាពាក្យទាំងនោះហាក់មានន័យជាន់ពន្លិចខ្លាំងហួសហេតុ ហើយក្នុងវីដេអូនោះមានភ្ជាប់នូវឈ្មោះរបស់ឧកញ៉ា នឹម វណ្ណៈ ជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ពេញៗមាត់រៀបរាប់បើកកកាយទំនាក់ទំនងខ្ទេចខ្ទីគ្មានសល់ផងដែរ។

បន្ទាប់ពីឧកញ៉ា អ៊ាន សៀវម៉ី ចេញវីដេអូឆ្លើយតបទៅកាន់ម្ដាយ និងបើកបង្ហាញទំនាក់ទំនងជាមួយខ្លួនរួចមក ឧកញ៉ា នឹម វណ្ណៈ ក៏បានចេញនូវសារវែងអន្លាយហាក់ក្ដៅស្លឹកត្រចៀក ផ្ញើជូនចំៗគ្មានលាក់ និងព្រមានបញ្ឈប់ការនិយាយពាក់ព័ន្ធឈ្មោះខ្លួនជាបន្ទាន់ថា៖ «សារនេះផ្ញើរជូនចំពោះបុគ្គលឈ្មោះ អ៊ាន សៀវម៉ី ដែលមានងារជាឧកញ៉ានឹងគេដែរ។ កន្លងមកខ្ញុំធ្លាប់បានស្គាល់ និងធ្លាប់គិតថាជាមនុស្សដែលអាចរាប់អានបាន។ តែបន្ទាប់ពីស្គាល់បានមួយរយៈកន្លងមកឃើញថាមិនអាចបន្តរាប់អានបានទៀតទេ។ ហើយក៏មិនចង់មានបញ្ហាអ្វីនឹងគ្នាដែរ។ តែនៅថ្ងៃនេះ ខ្ញុំបានឮសំលេងអ្នកនិយាយពីឈ្មោះរបស់ខ្ញុំនៅក្នុងការឡាយលើបណ្តាញសង្គម Facebook ដូចនេះ សូមបញ្ឈប់ជាបន្ទាន់ រាល់ការនិយាយអ្វីទាំងអស់ដែលមានទាក់ទងនឹងឈ្មោះខ្ញុំចាប់ពីវិនាទីនេះតទៅ បើមិនដូច្នោះទេលិខិតផ្លូវច្បាប់នឹងរង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវម៉ី ហើយ»៕