រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗមានទំព័រហ្វេសប៊ុកឈ្មោះ TNB News Brand បានបង្ហោះនូវវីដេអូរបស់ ឧកញ៉ា អ៊ាន សៀវម៉ី បង្ហាញនូវសកម្មភាពជេរតបតទៅកាន់អ្នកលេងបណ្ដាញសង្គមកប់ៗមាត់ ដៀលប្រមាថសុទ្ធតែសំផឹងផងដែរ ដោយក្នុងនោះប្រភព បានភ្ជាប់ជាមួយនឹងចំណងជើងធំៗបញ្ជាក់ថា «ឧកញ៉ា អ៊ាន សៀវម៉ី ព្រលះអ្នកcomment សុទ្ធតែមីស្រីខូច ទ្រី សុផានិត ឈឺមែនថាសម្ដែង»។

វីដេអូប្រើសម្ដីជេរបញ្ចោរតបតដាច់សាច់សុទ្ធតែពាក្យអសុរោះនោះ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបន្ត ដោយភ្ជាប់ជាមួយពាក្យពេចន៍ហាក់ហួសចិត្តបន្តិចថា៖ «មានគោរម្យងារជាឧកញ៉ាតែសម្ដីវិញថោកទាបជេរគេដូចហែកសំពត់ ឧកញ៉ាបែបៗនេះគេហៅថាពួកឧកញ៉ាជជុះ»។

ការចែករំលែកនេះត្រូវបានឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចេញវីដេអូបកស្រាយឆ្លើយតបវិញផងដែរ ដោយថាពាក្យទាំងនោះហាក់មានន័យជាន់ពន្លិចខ្លាំងហួសហេតុ ហើយក្នុងវីដេអូនោះមានភ្ជាប់នូវឈ្មោះរបស់ឧកញ៉ា នឹម វណ្ណៈ ជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ពេញៗមាត់រៀបរាប់បើកកកាយទំនាក់ទំនងខ្ទេចខ្ទីគ្មានសល់ផងដែរ។

ស្រាប់តែមុននេះលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះនូវលិខិតឆ្លើយតប២ច្បាប់ ទៅតាមសំណូមពររបស់ឧកញ៉ា អ៊ាន សៀវម៉ី ដែលមានខ្លឹមសារបង្ហាញច្បាស់ៗផងដែរ ថែមភ្ជាប់ដោយសំណេរខ្លី តែមានន័យបញ្ជាក់គ្រប់គ្រាន់បកស្រាយតាមផ្លូវច្បាប់ថា៖ «ជម្រាបដល់នាង អ៊ាន សៀវម៉ី នាងចង់បានការបកស្រាយពេលនេះខ្ញុំបកស្រាយឲ្យនាងប៉ុណ្ណឹង បើនាងនៅមិនអស់ចិត្តចាំខ្ញុំមេធាវីខ្ញុំបកស្រាយផ្លូវច្បាប់ឲ្យនាងស្តាប់ឲ្យកាន់តែច្បាស់ណានាង»៕