ភ្នំពេញ៖ តារាចម្រៀងស្រីល្បីដែលទន្ទឹងរង់ចាំយុត្តិធម៌ សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានបង្ហោះសារឈឺចាប់ចេញពីក្រុងប៉ារីស ប្រទេសបារាំងលើគណនីហ្វេសប៊ុក ខណៈដែលថ្ងៃទី២៥ វិច្ឆកានេះ ជាថ្ងៃចូលរោងការបងប្រុសនាង លោក សុខ ជំនោរ ដែលធ្វើឲ្យមហាជនទូទៅមានការងឿងឆ្ងល់យ៉ាងខ្លាំង ។ សារដែលមានប្រភពមកពីទីក្រុងប៉ារីស តារាចម្រៀង វ៉ាន់ នីឡា បានសរសេររៀបរាប់ថា “នេះជាផ្នែកមួយនៃអារម្មណ៍ឈឺចាប់ ។ កុំខ្លាច! ត្រូវតែហ៊ានប្រឈមមុខ” ។

ក្នុងខ្លឹមសារនៃសារនោះ ហាក់ដូចជាមិនមានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានទូទៅទេ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្មានវត្តមានរបស់នាងក្នុងពិធីរៀបអាពាហ៍ពិពាហ៍បងប្រុសបង្កើត សុខ ជំនោរ ។ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Kao Seiha” បានខមមិនសួរថា “តើកញ្ញាបានមកចូលរួមពិធីមង្គលការបងប្រុសដែររឺទេ?” ។ ពាក់ព័ន្ធនឹងសំណួរនេះ ពុំឃើញមានការឆ្លើយតបវិញពីសំណាក់សាមីខ្លួនឡើយ ប៉ុន្តែមានមហាជនមួយចំនួនទៀតបានគិតថា ប្រហែលជានាងបង្ហោះរូបចាស់ដែលនាងធ្លាប់បានទៅទីនោះ ដែលនាំមហាជនមានការភាន់ច្រឡំ ។

ចំណែកឯមតិមួយចំនួនទៀត បានលើកឡើងថា ប្រហែលតារាចម្រៀង វ៉ាន់ នីឡា ខូចចិត្តខ្លាំង មិនចង់ឃើញរោងការ ខណៈដែលនាងធ្លាប់បានសង្សារសន្យាថានឹងដឹកដៃគ្នាចូលរោងការនោះ ប៉ុន្តែអ្វីៗបានរលាយក្លាយជាផេះផង់ទៅហើយ ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏មិនអាសន្និដ្ឋានបានថាយ៉ាងណាទេ រង់ចាំការបកស្រាយពីសំណាក់សាមីខ្លួន ៕