តាកែវ៖ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ រួមនឹងរៀមច្បងសិល្បៈនិងមិត្តភក្កិរួមអាជីពចំនួន៥ នាព្រលប់ថ្ងៃទី២៤ខែសីហានេះបានស្កាត់ពីភ្នំពេញ នាំយកមូលនិធិចាស់ជរាទៅផ្តល់ជូនព្រឹទ្ធភិរម្យចាប៉ីដងវែង លោក តាប្រាជ្ញ ឈួន ដល់លំនៅដ្ឋានលោកកំពុងរស់នៅនៃទីជនបទខេត្តតាកែវ ស្រុកទ្រាំង។
គួររំឭកថា លោកតា ប្រាជ្ញ ឈួន ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈដាក់ងារឲ្យលោក ជាព្រឹទ្ធភិរម្យចាប៉ីដងវែង។ខណៈមួយជីវិតលោក ដ្បិតលោករស់ក្នុងភពងងឹត ជាអ្នកពិការភ្នែក ប៉ុន្តែបានបម្រើវិស័យសិល្បៈចម្រៀងចាប៉ី រហូតពិភពលោក ទទួលស្គាល់ចាប៉ីដងវែងខ្មែរ និងបាចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ របស់អង្គការយូណេស្កូនាថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦។
ដោយក្តីកាត្តញួក៏ដូចជាចេតនា ដើម្បីបានទៅជួបនឹងសួរសុខទុក្ខ ដល់ព្រឹទ្ធភិរម្យចាប៉ីដងវ័យ លោក តា ប្រាជ្ញ ឈួន ដែលមានព្រះជន្មជិត៨០ឆ្នាំ លោកក៏រស់នៅស្រុកកំណើតទឹកដីជាយខេត្តតាកែវនោះ នៅល្ងាចថ្ងៃទី២៤ខែសីហានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏នាំយកមូលនិធិចាស់ជរា ទៅផ្តល់ជួបលោក ទាំងយប់អាត្រាត។
ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា «មូលនិធិចាស់ជរា ដែលខ្ញុំរួមនឹងរៀមច្បងសិល្បៈ លោក ឧកញ្ញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោក នឹងមិត្តភក្កិសិល្បៈចំនួន៥នាក់បានធ្វើដំណើរពីភ្នំពេញស្កាត់យកមកជូនលោក តា ប្រាជ្ញ ឈួន ដល់ផ្ទះលោកកំពុងរស់នៅស្រុកទ្រាំង»។
អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថា អំណោយពីមូលនិធិចាស់ជរា យកមកជូនលោកតា ប្រាជ្ញ ឈួន ពេលនេះមាន អង្ករមីត្រីខក រួមនឹងទឹកប្រាក់ចំនួនមួយលានរៀលផងដែរ»។ អ្នកនាងក៏បានបញ្ជាក់បន្ថែមថា «អ្វីដែលខ្ញុំរួមនឹងបងប្អូនសិល្បៈសប្បាយចិត្តនោះ គឺពួកយើងបានស្កាត់មកពីភ្នំពេញ ទោះដឹងថាមកដល់ផ្ទះលោកតាយប់ក៏ដោយ តែសប្បាយចិត្តបានជួបលោក ព្រោះលោកនៅឆ្ងាយកម្រណាស់បានមកជួបនឹងសួរសុខទុក្ខលោក»។
