រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រី កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្ដាទស្សនិកជន ជាមួយនឹងទឹកដមសំនៀងដ៏ក្រអួនក្រអៅត្រូវចិត្តទស្សនិកជនគ្រប់ស្រទាប់។

យ៉ាងណាក្ដីកាលពីយប់មិញនេះនាងបានធ្វើឲ្យអ្នកគាំទ្រកើតក្ដីបារម្ភក្រៃ ខណៈនាងបានបង្ហាញពីស្ថានភាពសុខភាពគួរឲ្យអាណិតដោយអស់ថាមពលត្រូវទ្រាំគេងឲ្យគេកោសខ្យល់សាច់ប្រែពីសខ្ចីទៅក្រហមងាំងតែម្ដង។ បាន មុន្នីល័ក្ខ តារាចម្រៀងរបស់ផលិតកម្មថោន បានថ្លែងបញ្ជាក់ឲ្យដឹងលើហ្វេសប៊ុកខ្លួនខ្លីថា៖ «បញ្ចាប់ការងារថតថ្ងៃមិញអស់ខ្យល់ល្មម»។

បន្ទាប់ពីឃើញអតីតបេក្ខភាពប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោករូបនេះធ្លាក់ចុះកម្លាំងខ្លាំងក្រៅពីការបារម្ភ អ្នកគាំទ្រជាច្រើនក៏បានជូនពរ និងបានណែនាំឲ្យ មុន្នីល័ក្ខ ត្រូវថែទាំពិសេសនោះការញ៉ាំ និងគេងឲ្យបានល្អដើម្បីទទួលបានសុខភាពដ៏រឹងមាំឈរជើងបម្រើបងប្អូនក្នុងវិស័យសិល្បៈ៕