រាជធានីភ្នំពេញ ៖ ស្របពេលកំពុងមានសន្ទុះខ្លាំង និងមានការគាំទ្រច្រើនលើសលុបពីសំណាក់មហាជន ពិសេសយុវវ័យ និងល្បីរន្ទឺដល់បរទេសផងនោះ ថ្មីៗនេះផលិតកម្មចម្រៀង​របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ពោលគឺ Galaxy Navatra បានប្រកាសជ្រើសរើសអ្នកនិពន្ធប្រមាណ៣០នាក់ ដើម្បីផលិតបទចម្រៀងឱ្យបានកាន់តែច្រើន ដើម្បីបម្រើអារម្មណ៍របស់បងប្អូនទស្សនិកជនដោយហ៊ានតម្លៃឈ្នួលកប់ក្ដោងជាទីពេញចិត្ត ខណៈដែលបច្ចុប្បន្នផលិតកម្មដ៏ល្បីមួយនេះ ក៏មានវត្តមានរបស់អ្នកនិពន្ធល្បីឈ្មោះ និងជានាយកគ្រប់គ្រងទូទៅលោក យឹម តាស្រង់ និងកំពូលតារាចម្រៀងលំដាប់ប្រទេសជាច្រើនដួងរួមក្នុងទ្រនំផងដែរ ។

តែយ៉ាងណាបន្ទាប់ពីប្រកាសជ្រើសរើសអ្នកនិពន្ធជាច្រើននាក់រួចមកពេលនេះផលិតកម្ម Galaxy Navatra បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាថ្មី ដោយប្រកាសប្រមូលទិញស្នាដៃនិពន្ធចម្រៀងសម័យទាំងអស់ក្នុងស្រុកខ្មែរ ដែលមានតម្លៃខ្ទង់ពាន់ដុល្លារថែមទៀតផង ។ នេះបើយោងតាមការឱ្យដឹង នៅលើគណនីហ្វេសប៊ុកផ្ទាល់ Galaxy Navatra នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា៖ « Galaxy Navatra សូមជម្រាបជូនដំណឹងដើម្បីលើកកម្ពស់ស្នាដៃនិពន្ធចម្រៀងសម័យ ក្រុមហ៊ុនមានកិត្តិយស ទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ ក្នុងតម្លៃមួយបទចាប់ពី 600ដុល្លាដល់1500 ដុល្លា ។ សូមទាក់ទងមក 093 840 155» ៕