ខេត្តបាត់ដំបង ៖ សត្វមាន់ប្រមាណ ១៣០០ក្បាល ត្រូវបានងាប់ជាបន្តបន្ទាប់នៅក្នុង​កសិដ្ឋានមួយកន្លែង ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១កន្លងមក ។ ការងាប់នេះត្រូវបានមន្ត្រីជំនាញអះអាងថាបណ្តាលមកពីជំងឺផ្តាសាយបក្សី (H5N1) ។

លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាក្រោយពីទទួលព័ត៌មាន លោកបានចុះទៅកាន់ទីកន្លែងចិញ្ចឹមមាន់ដែលមានម្ចាស់ឈ្មោះ ហូណាំ ជាមន្រ្តីសុខាភិបាល ។ ក្រោយការពិនិត្យឃើញមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន ១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ ដល់៧ ខែមករា នោះមក មន្ត្រីជំនាញសហការជាមួយម្ចាស់យកមាន់ដែលងាប់ទៅកប់ចោល មិនឱ្យបរិភោគ ឬលក់នោះទេ បានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយដែរ ហើយទីតាំងចិញ្ចឹមមាន់នោះ ក៏មានចិញ្ចឹមទាកាប៉ាជាលក្ខណៈគ្រួសារដែរ តែកន្លែងចិញ្ចឹមនោះស្ថិតនៅដាច់ឆ្ងាយពីគេមិនមែនអ្នកភូមិនៅក្បែរឡើយ ចំណែកអ្នកភូមិ មិនមានចិញ្ចឹមមាន់ច្រើននោះទេ គឺមានចិញ្ចឹមតិចតួចប៉ុណ្ណោះ ។

ដោយឡែកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ព័ត៌មានក្នុងស្រុកថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់បានបង្ហាញថា ជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ ហើយមន្ត្រីជំនាញកំពុងបន្តពិនិត្យ និងគ្រប់គ្រងលើបញ្ហានេះ ដើម្បីកុំឱ្យរាលដាលខ្លាំង ។ ជាមួយគ្នានេះដែរ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវប្រជាពលរដ្ឋបើឃើញមាន់ឈឺ ឬងាប់ខុសប្រក្រតីនិងសង្ស័យកើតជំងឺផ្តាយសាយ សូមរាយការណ៍បន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីយាល័យបសុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ដើម្បីចុះអន្តរាគមន៍ ៕