ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី២៦ វិច្ឆិកា ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជើសរើសយករូបថតស៊ែលហ្វីប្រមាណ ៤០សន្លឹក ជាមួយកម្មការនី ធ្វើការបង្ហោះលើផេកហ្វេសប៊ុកផ្ទាល់របស់សម្តេច ដោយសរសេរថា “ពូជូនពរក្មួយៗកម្មការនីមានផ្ទៃពោះទាំងអស់មានសុខភាពល្អ និងសម្រាលបានកូនជាទីស្រឡាញ់គ្រប់ៗគ្នា” ។ សម្តេចបានបន្តថា “ក្មួយៗ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ព្រមទាំងសេវាគាំពារសុខភាពជាច្រើនទៀត នៅក្នុងពេលសម្រាលកូន” ។

ទាក់ទិននឹងអត្ថប្រយោជន៍នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការកាលពីប៉ុន្មានខែមុនេះ ដែលអត្ថប្រយោជន៍ទាំងអស់បាន ៥ចំណុច សម្រាប់កម្មករកម្មការនី ដោយឡែកកម្មការនីទទួលបានអត្ថប្រយោជន៍ច្រើនជាងកម្មករ យោងតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដែលក្នុងនោះ មួយចំណុចបាននិយាយពីការលើកកម្ពស់សុខុមាលភាព និងសមភាពយេនឌ័រ ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ បានអរគុណ និងសង្ឃឹមជឿជាក់លើបងប្អូនកូនក្មួយ កម្មករកម្មការនី និងឪពុកម្តាយរបស់ក្មួយៗទាំងអស់ នឹងបន្តបោះឆ្នោត ឲ្យគណបក្សប្រជាជន ដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនរុងរឿងទៅមុខទៀត៕