ន រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ សមាគមវារីវប្បករនៅកម្ពុជា បានបង្ហាញជាសាធារណៈ ស្របពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំងក្នុងពេលខាងមុខនេះ សម្រាប់ដល់បងប្អូនអាជីវករដែលប្រកបរបរចិញ្ចឹមត្រីត្រូវមានការប្រុងប្រយ័ត្ន។ ប្រភពបានឲ្យដឹងភ្ជាប់រូបភាពត្រីងាប់ក្នុងទឹកផងថា ៖ «សារបន្ទាន់សម្រាប់បងប្អូនវារីវប្បករកម្ពុជាយើងរយៈពេលមួយសប្តាហ៍ខាងមុខនេះ អាកាសធាតុចុះត្រជាក់ខ្លាំង។

នៅពេលសីតុណ្ហភាពចុះត្រជាក់វាអាចបណ្តាលឲ្យត្រីចិញ្ចឹមមានសភាពខុសប្រក្រតីដែលធ្វើឲ្យភាពស៊ាំធ្លាក់ចុះ និងមិនសូវស៊ីចំណី ហើយក៏ងាយរងនូវការវាយប្រហារពីមេរោគផ្សេងៗទៀត។ ប្រសិនបើលោកអ្នកសង្កេតឃើញថា ត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការឲ្យចំណីបណ្ដោះអាសន្ន និងបង្កើនអោយមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកឲ្យមានចលនាដូចជាប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម»។

ប្រភពបន្ថែមទៀតថា៖ «យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កំរិតនីទ្រីត (NO2) ព្រោះថាពេលសីតុណ្ហភាពចុះត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត ( NO2) កើន។ លោកអ្នកអាចពិនិត្យស្រកីត្រីដែលជិតងាប់ ឬងាប់ហើយនោះវាអាចនឹងមានពណ៌ជាំក្រម៉ៅ ឬឈាមជ្រូកក្រម៉ៅ ប្រសិនបើស្រកីត្រីមានពណ៌បែបនេះ លោកអ្នកអាចប្រើអំបិលដើម្បីការពារកុំឲ្យសារជាតិ នីទ្រីតរលាយចូលក្នុងឈាមរបស់ត្រី អាចបណ្ដាលឲ្យត្រីស្លាប់ជាបន្ត។ សូមលោកអ្នកអនុវត្តតាមការណែនាំខាងលើ ដើម្បីកុំឲ្យត្រីចិញ្ចឹមរបស់លោកអ្នកមានហានិភ័យ»៕