ខេត្តកណ្ដាល ៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តីម្នាក់ប្រកាសពីគោលជំហរ និងបំណងដ៏ប្រពៃដើម្បីជួយសម្រួលទុក្ខលំបាករបស់ពលរដ្ឋខ្មែរដែលពុំសូវមានលទ្ធភាពដោយចង់បើកមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់កម្រៃនៅខេត្តកណ្ដាល និងចង់សប្បុរសជនផ្តល់ការគាំទ្រផ្នែកមូលនិធិខណៈខ្លួនស្ម័គ្រចិត្តបម្រើសុខទុក្ខដោយមិនគិតពីបៀវត្ស។

នៅលើគណនីហ្វេសប៊ុកគ្រូពេទ្យចិត្តបុណ្យ Rasmey Chan បានរៀបរាប់ភ្ជាប់ដោយសំណេរយ៉ាងដូច្នេះថា៖ «ខ្ញុំជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី មានបំណងបើកមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្តាល ប្រសិនបើមានសប្បុរសជនផ្តល់ការគាំទ្រផ្នែកមូលនិធិ ខ្ញុំស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស»។

លើសពីនេះប្រភពដដែលបានបញ្ជាក់បន្ថែម អមដោយក្ដីអស់សង្ឃឹមទៀតថា «គំរោងនៅម្តុំតាខ្មៅ ឬម្តុំព្រែកហូរ ប៉ុន្តែបើគ្មានជំនួយខ្ញុំគ្មានលទ្ធភាពទេ» ។ រំពេចបានឃើញដូចនេះគណនីហ្វេសប៊ុកឈ្មោះ Spey Jrouk ក៏បានចេញមុខភ្លែតថា៖ «បើចឹងមែន សុំស្ម័គ្រចិត្តជួយជាកម្លាំងធ្វើ Part time ជាមួយផង» ៕