ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជូនណឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ដោយសារមានករណីក្របីដេញវ័ធមនុស្ស នៅស្រុកភ្នំស្រួច ឃុំដំបូករូង ។ នៅលើទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងយ៉ាងដូច្នេះថា៖ នៅស្រុកភ្នំស្រួច ឃុំដំបូករូង មានករណីសត្វក្របីមួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រាច វេលាម៉ោង០៦:៣០នាទីព្រឹក ថៃ្ងទី១៥ ខែមករា ឆ្នាំ២០២១ នេះ ។

តាមការបញ្ជាក់ពីម្ចាស់សត្វក្របីឈ្មោះ ផូ លាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល០១ក្បាល ពីខេត្តកោះកុងដើម្បីយកមកចិញ្ចឹម ប៉ុន្ដែពេលដឹកមកដល់ផ្ទះបាន៤ថៃ្ងស្រាប់តែក្របីនេះ មានសភាពកាចសាហាវដេញជល់ដេញវ័ត្ដគេឯង ប្រជាពលរដ្ឋក្នុងភូមិ ពិសេសគាត់ជាម្ចាស់ដែលបានដាក់ស្មៅឱ្យវា ក៏ត្រូវវាជល់ផងដែរ ។ បច្ចុប្បន្នក្របីមួយក្បាលនេះវាបានបោលចូលព្រៃខាងក្រោយភូមិ និងសំណូមពរដល់សមត្ថកិច្ចមេត្ដាជួយអន្ដរាគមន៍បន្ទាន់ ពិសេសជំនាញសត្វព្រៃជួយចាប់និងអាចឈានទៅសំលាប់ក្នុងករណីមិនអាចគ្រប់គ្រងបាន ព្រោះក្របីមួយក្បាលនេះអាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ ៕