រាជធានីភ្នំពេញ ៖ តារាចម្រៀងនិងសម្ដែង ឡោម លក្ខិណា បានបង្ហោះសារសម្ដែងការមិនពេញចិត្តនិងស្នើឱ្យមានការកែសម្រួលឡើងវិញ ក្រោយពីមានការចុះផ្សាយព្រោងព្រាតពីពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយគូស្នេហ៍ថ្មី ដោយមានភ្ជាប់មកជាមួយនូវខ្លឹមសារហាក់មិនសមរម្យដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ។

នៅលើគណនីហ្វេសប៊ុករបស់អតីតអ្នកមេម៉ាយកូនមួយរូបនេះ បានឱ្យដឹងដោយសំណេរយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ឡោម លក្ខិណា សូមគោរពស្នើសុំដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់នាងខ្ញុំក្នុងរយៈ២ថ្ងៃកន្លងមកនេះ សូមមេត្តាកែសម្រួលពាក្យពេចន៍មួយចំនួនដែលមើលទៅមិនសមរម្យ ដែលធ្វើអោយប៉ះពាល់ដល់សិទ្ធិ សេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូ របស់នាងខ្ញុំ សូមមេត្តាកែសម្រួលប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការគោរពស្រលាញ់ រាប់អានគ្នាក្នុងនាមឈាមជ័រជាខ្មែរតែមួយ» ។ បន្ថែមពីនេះសាមីខ្លួន ឡោម លក្ខិណា បានរៀបរាប់ទៀតថា៖ «នាងខ្ញុំសូមអគុណដល់ការអាណិត ស្រលាញ់ រាប់អាន ពាក្យជូនពរ ការលើកទឹកចិត្តប្រកបដោយសិល៍ធម៌ និងមនោសញ្ចេត្តនាដ៏ជ្រាលជ្រៅរបស់បងប្អូន ដែលមានចំពោះនាងខ្ញុំកន្លងមក» ។

គួររំលឹកដែរថា តារាចម្រៀងនិងសម្ដែងអ្នកនាង ឡោម លក្ខិណា បានក្លាយជាមេម៉ាយកូនក្រោយពីស្វាមីគឺលោក ប៉ា ចាន់ពិសិដ្ឋ ទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕





