រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី១៧ ខែមករា ឆ្នាំ២០​២១នេះ បានប្រកាសជូនជនរួមជាតិថា សម្តេចនឹងចាក់វ៉ាក់សាំងដែលជំនួយរបស់មិត្តចិនមុនគេ ដើម្បីដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណា ខ្ញុំបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន នូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណា ខ្ញុំសូមប្រ​កាស​ថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្ដង។ ខ្ញុំព្រះករុណា ខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំ ព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!»៕