រាជធានីភ្នំពេញ ៖ លោក មួន ម៉ារ៉ា អតីតតារាចម្រៀងដែលទទួលបានប្រជាប្រិយភាពខ្លាំង និងមានភាពល្បីល្បាញកាលពីជាង១០ឆ្នាំមុន ពោលគឺកំឡុងឆ្នាំ២០០២ ដែលគេស្គាល់តាមរយៈបទចម្រៀងជាច្រើន​​​​​​​​បទ ជាពិសេសស្នាដៃចម្រៀងចំនួនពីរដែលនៅតែដក់ជាប់ក្នុងអារម្មណ៍របស់ទស្សនិកជន គឺបទ «អូនទៅភ្នំពេញ» និងបទ «កាដូគ្មានន័យ» ដែលមកដល់ពេលនេះនៅតែមានការបង្ហោះជាច្រើននៅលើបណ្ដាញយូធូប ដោយមានអ្នកចូលទស្សនារាប់លាន់ដងថែមទៀតផង ។

តែយ៉ាងណាស្របពេលដែលកំពុងតែមានភាពល្បីល្បាញមានកេរ្ដិ៍ឈ្មោះបោះសម្លេងនោះ អតីតតារាចម្រៀងជើងចាស់រូបនេះនៅតែបន្តអាជីបរបស់ខ្លួន និងមានបទចម្រៀងចេញជាបន្តបន្ទាប់ ប៉ុន្តែ​លោក មួន ម៉ារ៉ា ក៏បានបាត់មុខសូន្យឈឹងពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់ដើមឆ្នាំ ២០​​១៨ លោកក៏បានបង្ហាញស្នាដៃនិពន្ធថ្មីមួយបទ ដែលមានចំណងជើងថា «លើកទូរស័ព្ទទៅអូន» ។ ស្នា​ដៃចុងក្រោយនេះក៏ទទួលបានការគាំទ្រច្រើនគួរសម ប៉ុន្តែបន្ទាប់ពីពេលនោះមកលោក មួន ម៉ារ៉ា ក៏បានស្ងាត់ដំណឹងពីសិល្បៈម្ដងទៀត ខណៈដែលមហាជនកំពុងទន្ទឹងរងចាំបទចម្រៀងថ្មីរបស់លោកផងដែរ ៕