រាជធានីភ្នំពេញ ៖ បងប្អូនប្រុសស្រី៣នាក់ទៀតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» រួមមាន៖ លោក ឡេង ប្រុស លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌។ ក្រៅតែពីបងប្អូនត្រកូល «ឡេង» ទាំង៣នាក់ ក្នុងព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់អ្នកស្រី ម៉ែន ចិន្តា ផងដែរ។ គួរបញ្ជាក់ថា បងប្អូនឧកញ៉ាត្រកូល «ឡេង» មានឪពុកម្តាយជាកសិករក្នុងខេត្តព្រៃវែង។

ក្នុងនោះបងប្អូនប្រុសត្រកូល «ឡេង» ៣នាក់ គឺ ឡេង ប្រុស, ឡេង ណាវ៉ាត្រា និង ឡេង និមល សុទ្ធសឹងជាអ្នកដែលបានតស៊ូពុះពារក្នុងជីវិតយ៉ាងលំបាក។ ព្រោះតែជីវភាពគ្រួសារ ទាំង៣នាក់បងប្អូន មិនបានសិក្សាខ្ពស់នោះទេ ហើយបានប្រឡងទៅបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងអស់ជាច្រើនឆ្នាំ។ តាមរយៈការងារជាពលករលើទឹកដីកូរ៉េខាងត្បូងអ្នកទាំង៣បានសន្សំប្រាក់ និងប្រឹងប្រែងសិក្សារៀនសូត្រចំណេះជំនាញបន្ថែម យកធ្វើជាទុនមកអភិវឌ្ឍន៍ជីវិតលើទឹកដីកំណើត។ បន្ទាប់ពីមានដើមទុនតាមរយៈការងារនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» ទាំង៣នាក់ បានវិនិយោគលើវិស័យអចលនទ្រព្យ និងទទួលបានជោគជ័យខ្ពស់លើជំនួញនេះផងដែរ។

ឧកញ៉ាត្រកូល «ឡេង» ទាំង៣នាក់បងប្អូន ទោះបីកាក់កបជាមួយមុខជំនួញលើវិស័យអចលនទ្រព្យ ក៏ជាបុគ្គលទទួលបានការកត់សម្គាល់ជាមនុស្សដាក់ខ្លួនយ៉ាងសាមញ្ញនៅក្នុងសង្គម។ ក្រៅពីនោះបងប្អូនមានត្រកូលកសិករនេះ តែងតែបានចូលរួមជួយដល់ការលំបាករបស់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើន។ សកម្មភាពមនុស្សធម៌ដោយទឹកចិត្តសប្បុរសរបស់ពួកគេ បានធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែង ហើយព្រោះតែការចូលរួមការលំបាករបស់សង្គមនេះហើយ ទើបបងប្អូនត្រកូល «ឡេង» ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «ឧកញ៉ា» ដើម្បីជាការផ្តល់នូវកិត្តិយសដល់ការជួយដល់កិច្ចការសង្គម៕