ខេត្តកំពង់ស្ពឺ ៖ យោងតាមការចុះផ្សាយដោយទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនូវរឿងដ៏ភ្ញាក់ផ្អើលមួយដោយដាក់ចំណងជើងថា៖ «មហាចម្លែក.! បុរសជាព្រូរថយន្ដ លោតចុះពីរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗនៅចំណុចដ៏សែនគ្រោះថ្នាក់ញឹកញាប់បំផុតផ្លូវជាតិលេខ៤ចំណោទលោកយាយម៉ៅពេជ្រនិល គីឡូម៉ែត្រ១០៥_១០៦ បង្កការភ្ញាក់ផ្អើល!!»។

វេលាម៉ោង ០៩៖៥៥នាទី ថៃ្ងទី២២ ខែមករា ឆ្នាំ២០២១ នៅកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ105-106 ត្រង់ចំណុចភូមិទី6 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្តមួយគ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-2193 សណ្តោងស៊ឺមីរឺម៉កស្លាកលេខភ្នំពេញ 4A-6279 បើកបរដោយឈ្មោះ គូ ដារា ភេទប្រុស អាយុ26ឆ្នាំ នៅភូមិប្រសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច និងអ្នកជិះជាមួយឈ្មោះ សំ ឡុង ភេទប្រុស អាយុ36ឆ្នាំ នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ធ្វើដំណើរពីទិសដៅពីកើតទៅលិច ។

ប្រភពបន្ថែមថា លុះដល់ចំណុចខាងលើរថយន្តជាន់ហ្រ្វាំងមិនស៊ី ស្រាប់តែឈ្មោះ សំ ឡុង ព្រូរថយន្ដ ភ័យស្លន់ស្លោបើកទ្វាររថយន្តលោតចុះបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។ គ្រោះថ្នាក់ខាងលើបណ្ដាលមកពីបច្ចេកទេសរថយន្ដ មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ តែសំណាងល្អមិនបង្កគ្រោះមហន្ដរាយដល់ជីវិតអ្នកដទៃផ្សេងទៀត ៕