រាជធានីភ្នំពេញ ៖ អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ ម៉ង់ ច័ន្ទកញ្ញា ដែលជាតារាអ្នកចម្រៀងម្នាក់មានទឹកដមសំនៀងក្រអួនក្រអៅ និងអាចច្រៀងបានជាច្រើនទំរង់រហូតធ្វើឱ្យផលិតកម្មលំដាប់ប្រទេស រស្មីហង្សមាស មិនអាចមើលរំលងឃាត់នាងទុកជាតារាប្រចាំ និងផ្ដល់ឱកាសឲ្យឈរនៅទ្រនំធំនេះប្រកួតប្រជែងជាមួយតារាខ្លាំងៗជាច្រើនថែមទៀតផង ។

យ៉ាងណានៅមុននេះបន្តិច តារាស្រីរូបស្រស់សម្រស់បានមួយចប់ ម៉ង់ ច័ន្ទកញ្ញា ស្ទើរស្រឡាំងកាំងរកនឹកនិយាយមិនចេញបន្ទាប់ពីរាមច្បងរួមទ្រនំ ពោលគឺតារាចម្រៀងចាស់វស្សាលោក ណុប ប៉ាយ៉ារឹទ្ធ បានចូលខមិនពាក្យមួយឃ្លារសែនចាក់ដោនក្នុងហ្វេសប៊ុករបស់ខ្លួន ។ ដោយ ម៉ង់ ចាន់កញ្ញា បានបង្ហោះរូបភាពមួយសន្លឹកកាន់ក្បាលមីក្រូហ្វូនយ៉ាងទំនងសមជាតារាអាជីព ភ្ជាប់មកជាមួយសំណេរយ៉ាងដូច្នេះថា៖ «ជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះជួបជាមួយនាងខ្ញុំ ក្នុងកម្មវិធី Boostrong Music on fire ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍និង Page ផ្លូវការហង្សមាស Time 8:00-10:00pm» ។ រំពេចភ្លេមនោះម្ចាស់បទ «ហេតុអ្វីគេថាយើងបែកគ្នា» លោក ណុប បាយ៉ារឹទ្ធ បានបញ្ចេញមតិប៉ុន្មានមាត់យ៉ាងខ្លីថា៖ « ទឹកមុខហ្នឹង ហឹតម៉េក្រូ ឬ ក៏ច្រៀងហ្នឹង» ធ្វើឱ្យនាងគាំយោបល់បានត្រឹមឆ្លើយតបយ៉ាងខ្លីវិញថា៖ «ហឹតហើយច្រៀងហ៊ា» ៕




