រាជធានីភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) ដែលទើបតែទទួលបានគោរមងារជា «អ្នកឧកញ៉ា» ផ្ដល់ដោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះក្រោមការសាទរយ៉ាងច្រើនពីសំណាក់មហាជន ខណៈក៏មានការងឿងឆ្ងល់ពីឈ្មោះដ៏ពីរោះគ្មានពីររបស់សេដ្ឋីវ័យក្មេងផ្នែកអចលនទ្រព្យរូបនេះផងដែរ ពោលគឺឈ្មោះបច្ចុប្បន្នរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែម្ដង ។

យ៉ាងណាទន្ទឹមនឹងមានការងឿងឆ្ងល់ពីប្រវត្តិពិតនៃឈ្មោះរបស់អតីតពលករប្រទេសកូរ៉េដែលវិវត្តន៍ខ្លួនរហូតទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សនេះ ឧកញ៉ា ឡេង ប្រុស ដែលជាបងប្រុសអ្នកឧកញ៉ាក៏បានចេញមុខបញ្ជាក់ក្រោមការបង្ហោះជូនពរពីសំណាក់លោក ហេង ឡុង។

នៅក្នុងការបង្ហោះអបអរសាទរជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា របស់លោក ហេង ឡុង ឧកញ៉ា ឡេង ប្រុស បានរៀបរាប់ឱ្យដឹងបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទជាបង ឡេង ណាវ៉ាត្រា សូមបញ្ជាក់ប្រវត្តិឈ្មោះរបស់ប្អូន ដោយឃើញមានបងប្អូនមួយចំនួនមានចម្ងល់សូមជម្រាបជួនបងប្អូនថាឈ្មោះ ឡេង ណាវ៉ាត្រា ដែលបងប្អូនស្គាល់ទូទៅឈ្មោះនេះត្រូវបានហៅនៅពេល ឡេង ណាវ៉ាត្រា បង្កើតផលិតកម្មចម្រៀងតូចមួយកាលពីឆ្នាំ2008 ការពិតឈ្មោះដែលម្ដាយដាក់ឱ្យ និងនៅក្នុងបញ្ជីជាតិគឺឈ្មោះ ឡេង ភត្រា សូមអរគុណ!» ៕