ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត បានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈលោកបានបង្ហោះរូបថតស៊ែលហ្វី ៣សន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ដែលថតជាប់ផ្ទាំងខាងក្រោយ គឺផ្លាក Cambodia Idol  ដោយរូបលោកបានអង្គុយនៅលើកៅអី សាកសមជា គ្រូបង្វឹកនៅក្នុងកម្មវិធី Cambodia Idol រដូវកាលទី៣ ណាស់ ។ ទន្ទឹមនេះ មតិមហាជនទូទៅមានការគាំទ្រ និងពេញចិត្តឲ្យលោកធ្វើជា Coach ក្នុងកម្មវិធីនេះ ប៉ុន្តែគេនៅឆ្ងល់ថា តើ ខេមរៈ សិរីមន្ត ជំនួសតំណែងនរណាម្នាក់ក្នុងចំណោម Coach ទាំង៤ក្នុងរដូវកាលទី១ និងទី២ ដែលមាន​ ព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ និង  ឱក សុគន្ធកញ្ញា ។

ពាក់ព័ន្ធរឿងនេះ អ្នកគាំទ្រ ខេមរៈ សិរីមន្ត ម្នាក់ បានបង្កើបប្រាប់ថា “តារាចម្រៀងមានកេរ្តិ៍ឈ្មោះរាប់សិបឆ្នាំ ខេមរៈ សិរីមន្ត ត្រូវបានហង្សមាសជ្រើសរើស​ធ្វើជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៣ ជំនួសលោក ឆន សុវណ្ណរាជ” ។ ប៉ុន្តែទោះជាយ៉ាងណា យើងមិនទាន់ឃើញការស្រាយបំភ្លឺពីកំពូលតារាចម្រៀងរូបនេះនៅឡើយទេ៕